សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងស៊ើបអង្កេតក្រោយជនសង្ស័យចាក់សម្លា.ប់ស្រ្តីម្នាក់

ដោយ៖ សុខុម
ភ្នំពេញ ៖ បន្ទាប់ពីមានហេតុការណ៍ស្រ្តីម្នាក់ត្រូវជនសង្ស័យជាឃាតកចាក់សម្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី១៨មេសា២០២៤ នៅផ្ទះលេខ៣១ ផ្លូវ៣៦ បុរីឈូកវ៉ា២ ស្ថិតក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នោះមក សមត្ថកិច្ច កំពុងបន្តស៊ើបអង្កេតដើម្បីរកអំពីមូលហេតុដែលបានកើតឡើង។

សមត្ថកិច្ចបាននិយាយក្រោយហេតុការណ៍ថា៖ ជនរងគ្រោះមានឈ្មោះមាស លក្ខិណា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានប្ដីឈ្មោះហួ ស៊ិន អាយុ៣៧ឆ្នាំ ជាជនជាតិចិន មុខរបរធ្វើការនៅក្រុមហ៊ុនកិនថ្មក្នុងខេត្តកំពង់ស្ពឺ។មានកូនប្រុស២នាក់ស្នាក់នៅក្នុងផ្ទះកើតហេតុ។


អ្នករស់នៅជិតខាងបាននិយាយថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះកំពុងនៅក្រោមសំយាបផ្ទះខាងមុខ ចំណែកកូនៗរបស់នាងនៅក្នុងបន្ទប់លើផ្ទះ ហើយប្ដីនាងមិននៅផ្ទះទេ ព្រោះជាប់រវល់ទៅធ្វើការ ។ ពេលនោះជនដៃដល់ពេលដើរចូលទៅរក ជនរងគ្រោះ យកកូនកាំបិតចុងស្រួចចាក់ទៅលើនាងជាច្រើនកាំបិត បណ្ដាលឲ្យនាងដួលដេកស្លាប់តែម្តង។ រីឯជនសង្ស័យបានយកកាំបិតអាករផ្ដាច់ជីវិត ប៉ុន្តែរងរបួសធ្ងន់ ត្រូវគេជួយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕