សន្ដិសុខសង្គម

វាយតម្លៃកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលចូលរួមការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនិងភ្ញៀវក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ

ដោយ ៖បន្ទាយ

ភ្នំពេញ ៖ ដូចរៀងរាល់ឆ្នាំដែរ នៅគ្រប់ពិធីបុណ្យជាតិ សាសនា សំខាន់ៗ ដែលបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវ ជួបជុំគ្រួសារដើរលេងសប្បាយ ប៉ុន្តែកងកម្លាំងសមត្ថកិច្ច ពុំត្រូវបានអនុញ្ញាតឈប់សម្រាកឬទៅចូលរួមជួបជុំកម្សាន្តសប្បាយជាមួយក្រុមគ្រួសារសាច់ញាតិនោះទេ ។ផ្ទុយទៅវិញកងកម្លាំងគឺត្រូវយកចិត្តទុកដាក់ លើកកម្ពស់ស្មារតី ទទួលខុសត្រូវ ចូលរួមការពារសន្តិសុខ សុវត្ថិភាព ប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ បង្ការហានិភ័យគ្រប់ប្រភេទ ឲ្យបានខ្ពស់ជាអតិបរិមា។

ភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ កន្លងមកក៏មានការប្រារព្ធកម្មវិធីសង្ក្រាន្ត ប្រមាណ៧២ទីតាំងផ្សេងៗគ្នា។

មន្ត្រីអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញក៏ដូចប្រជាជន មហាជនបានវាយតម្លៃថា : កងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមលះបង់កម្លាំងកាយចិត្ត លះបង់ពេលវេលាផ្ទាល់ខ្លួន និងគ្រួសារ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករ បានចូលរួមអបអរសាទរ ដើរលេងកម្សាន្ត និងប្រារព្ធពិធីបុណ្យចូលឆ្នាំ ឲ្យបានសុវត្ថិភាព និងសប្បាយរីករាយគ្រប់ៗគ្នា។

ទោះយ៉ាងណា  កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដែលសម្រាកពីការប្តូរវេនបំពេញបេសកកម្ម បានទទួលការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យជួបជុំគ្នាលេងល្បែងប្រជាប្រិយខ្មែរ រួមមាន ៖ បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លោតបាវ លាក់កន្សែង ជាដើម ដើម្បីជាការកម្សាន្តសប្បាយ រំសាយភាពនឿយហត់ផង និងជាការជួបជុំអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជំនួសឲ្យការមិនបានទៅជួបជុំ កម្សាន្តសប្បាយ ជាមួយក្រុមគ្រួសារញាតិមិត្តផងដែរ៕