សន្ដិសុខសង្គម

ផ្ទុះហ្គាសឆេះរាលដាលអស់ផ្ទះ២ខ្នងទាំងស្រុង,៣ខ្នងអស់៤០ភាគរយ

ដោយ៖ សុខុម
ព្រះវិហារ:អគ្គិភ័យបង្កឡើងដោយសារតែផ្ទុះធុងហ្គាស នៅរសៀលថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៤ បានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្អាង ឃុំស្អាង ស្រុក ជ័យសែន ខេត្តព្រះវិហារ។

នគរបាលស្រុកជ័យសែនបានឲ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើបានឆាបឆេះផ្ទះអស់ចំនួន ២ ខ្នងខូចខាតទាំងស្រុង និង ៣ ខ្នង ខូចខាត ៤០ ភាគរយ។

អណ្តាតភ្លើងចាប់ផ្តើមឆេះពីផ្ទះ ឈ្មោះ រិន សំបូរ អាយុ ៤០ ឆ្នាំ ជាអ្នកលក់និងដូរហ្គាស។

កងកម្លាំងអធិការដ្ឋាននគរបាលស្រុកជ័យសែន អធិការដ្ឋាន នគរបាលស្រុកឆែប បានប្រើប្រាស់ទឹកអស់ ចំនួន ១០ រថយន្ត បាញ់ពន្លត់រលត់ដោយជោគជ័យ និងមិនបណ្តាលអោយរាលដាលទៅផ្ទះផ្សេងតទៅទៀត។ ដោយឡែកមនុស្សគ្រាន់តែរងរបួសនៅពេលជួយពន្លត់បន្តិចបន្តួចតែប៉ុណ្ណោះ៕