ភ្នំពេញ៖ តាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ដើម្បីមានសម្បទាគ្រប់គ្រាន់ជាភ្នាក់ងារសេវាកម្មពន្ធដារ បុគ្គលដែលជាអ្នកជាប់ពន្ធមធ្យម ឬធំ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារពីអគ្គនាយកដ្ឋានពន្ធដារ ដោយត្រូវបំពេញតាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖
– មានវិញ្ញាបនបត្រជំនាញវិជ្ជាជីវៈពន្ធដារចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដែលមានសុពលភាព
– អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសវនកម្ម ឬអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យកម្រិត១ ឬអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យកម្រិត២ ដែលចេញដោយនិយ័តករគណនេយ្យ និងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
– គណនេយ្យករនិងសវនករដែលជាសមាជិកសកម្ម សមាជិកចូលរួម ឬសមាជិកសមាគម នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (KICPAA)
– អតីតមន្រ្តីពន្ធដារ ហើយធ្លាប់បម្រើការងារនៅរដ្ឋបាលសារពើពន្ធកម្ពុជាចាប់ពី ១០ឆ្នាំឡើងទៅ និងមិនធ្លាប់ប្រព្រឹត្តបទល្មើសទាក់ទិននឹងពន្ធដារ ឬផ្សំគំនិតជាមួយ អ្នកជាប់ពន្ធក្នុងការគេចវេះពន្ធ ឬបន្លំប្រាក់ពន្ធ និងមិនធ្លាប់ទទួលពិន័យផ្សេងៗពីអគ្គនាយកដ្ឋានពន្ធដារឬពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬពីតុលាការ។
បុគ្គលស្នើសុំអាចដាក់ពាក្យស្នើសុំ ”អាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ” តាមប្រព័ន្ធគ្រប់គ្រងការស្នើសុំវិញ្ញាបនបត្រពន្ធដារ តាមជំហានដូចតទៅ៖
ជំហានទី១៖ ចូលទៅកាន់គេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារដែលមានអាសយដ្ឋាន https://www.tax.gov.kh រួចជ្រើសរើសសេវាកម្មអេឡិចត្រូនិកពន្ធដារ បន្ទាប់មកជ្រើសរើស “ប្រព័ន្ធគ្រប់គ្រងវិញ្ញាបនបត្រពន្ធដារ” ដោយប្រើប្រាស់គណនីដែលមានស្រាប់ដែលបានប្រើប្រាស់សម្រាប់ចូលប្រព័ន្ធផ្សេងៗទៀតរបស់អគ្គនាយកដ្ឋានពន្ធដារ ឬចុច”បង្កើតគណនីថ្មី” សម្រាប់អ្នកដែលមិនធ្លាប់ចូលប្រើប្រាស់ប្រព័ន្ធ។
ជំហានទី២៖ ជ្រើសរើសមុខងារ “ស្នើសុំអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ” រួចជ្រើសរើសប្រភេទនៃការស្នើសុំ (ស្នើសុំថ្មី បន្តសុពលភាព ព្យួរឬធ្វើបច្ចុប្បន្នភាពអាជ្ញាបណ្ណ) បន្ទាប់មកបំពេញនិងពិនិត្យព័ត៌មានអ្នកស្នើសុំ ព័ត៌មានសហគ្រាសស្នើសុំ ព័ត៌មានផ្សេងទៀតដែលប្រព័ន្ធតម្រូវតាមប្រភេទស្នើសុំ និងព័ត៌មានបុគ្គលិកឲ្យបានត្រឹមត្រូវ។
បញ្ជាក់៖ សម្រាប់ព័ត៌មានបុគ្គលិក សូមបំពេញតែព័ត៌មានបុគ្គលិកដែលទទួលបន្ទុកផ្តល់សេវាកម្មពាក់ព័ន្ធនឹងពន្ធដារតែប៉ុណ្ណោះ។
ជំហានទី៣៖ បង់កម្រៃសេវាអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ និងដាក់ពាក្យស្នើសុំ៖
– ករណីស្នើសុំអាជ្ញាបណ្ណថ្មី ឬបន្តសុពលភាព សូមចុច “បង់កម្រៃសេវាភ្នាក់ងារសេវាកម្មពន្ធដារ និងដាក់ស្នើ”ដើម្បីបង់ប្រាក់កម្រៃសេវាអាជ្ញាបណ្ណ ក្រោយពីបង់ប្រាក់កម្រៃសេវារួចប្រព័ន្ធនឹងបញ្ជូនការស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារដោយស្វ័យប្រវត្តិ
– ករណីស្នើសុំព្យួរអាជ្ញាបណ្ណ ឬបច្ចុប្បន្នភាព សូមចុច “ដាក់ស្នើ” តែម្តងដោយមិនតម្រូវឲ្យបង់ប្រាក់កម្រៃសេវាលើការព្យួរអាជ្ញាបណ្ណ ឬបច្ចុប្បន្នភាពនោះទេ៕