សន្ដិសុខសង្គម

ជិះម៉ូតូឌុបគ្នាបុករង្វង់មូលផ្លូវក្រវាត់ក្រុងរងរបួសធ្ងន់

ដោយ៖ សុខុម
ភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នាលឿនជ្រុលបុករង្វង់មូល ផ្លូវក្រវាត់ក្រុងទី៣ចំណុចរង្វង់មូលត្រើយខាងត្បូងគល់ស្ពានអាកាស ស្ថិតនៅក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨មេសា២០២៤ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរទាំងពីរនាក់។

បន្ទាប់ពីគ្រោះថ្នាក់ ក្រុមសង្គ្រោះរបស់អង្គភាព៧១១ យករថយន្តដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសុមៈ។ ចំណែកម៉ូតូរងការខូចខាត ១កំណាត់មុខជាប់នៅនឹងរង្វង់មូលនោះ ហើយត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅទី៣នាំយកទៅរក្សាទុកបណ្ដោះអាសន្ន ។

សមត្ថកិច្ចបានបញ្ជាក់ក្រោយហេតុការណ៍ថា ជនរងគ្រោះឈ្មោះ ឡុង កក្កដា អាយុ២២ឆ្នាំ មានទីលំនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាំង សង្កាត់ទឹកឈូ ខេត្តកំពត។ឈ្មោះ វុធ វុទ្ធី អាយុ១៩ឆ្នាំ មានទីលំនៅភូមិបឹងកេងកង២ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ មានគេឃើញយុវជនទាំង២នាក់នេះ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IN-8805 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។ លុះទៅដល់ត្រង់ចំណុចកើតហេតុក៏ស្រាប់តែជ្រុលទៅបុករង្វង់មូលគល់ស្ពានអាកាសផ្លូវក្រវាត់ក្រុងទី៣ពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់សន្លប់ស្ដូកស្ដឹង ហើយត្រូវគេជួយសង្គ្រោះតែម្ដងទៅ៕