សន្ដិសុខសង្គម

កំពុងតាមរកមេឧក្រិដ្ឋជនជួញដូរគ្រឿងញៀន១០គីឡូក្រាម

ដោយ៖ សុខុម
ស្ទឹងត្រែង៖ មកដល់ថ្ងៃទី១៩មេសា២០២៤ សមត្ថកិច្ចនៅបន្តតាមរកបក្ខពួកនិងមេឧក្រិដ្ឋជនជួញដូរគ្រឿងញៀនក្រោយពីរកឃើញគ្រឿងញៀនទម្ងន់១០គីឡូក្រាមនៅក្នុងរថយន្តម៉ាកឡិចសុិសដែលប្លុងចោលនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

កាលពីមុនចូលឆ្នាំខ្មែរគេប្រទះឃើញរថយន្តស៊េរីទំនើបមួយគ្រឿងប្លុងចោលនៅក្បែរចិញ្ចើមផ្លូវជាតិលេខ៩ ចំណុចផ្សារថ្មី ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

ក្រោយមកកម្លាំងនគបាលប៉ុស្ដិ៍រដ្ឋបាលចុះទៅពិនិត្យឃើញមានស្នាមបែកកញ្ចក់ខាងមុខឆៀងខាងឆ្វេងហើយក៏មានក្រពឹតគូទក្រោយ។គេមិនដឹងកើតឡើងដោយសារតែមូលហេតុអ្វីឡើយ។

សមត្ថកិច្ចបាននិយាយថា រថយន្តខាងលើគឺប្រភេទ Lexus rx ៣៣០ពណ៌ទឹកប្រាក់ ផ្លាកលេខគេដោះចេញបាត់ ហើយនៅក្នុងរថយន្តមានគ្រឿងញៀន១០កញ្ចប់ធំ។

ក្រោយពីមានករណីនេះកើតឡើង កន្លងទៅថ្មីនេះ សាលាដំបូងនិងអយ្យការខេត្តស្ទឹងត្រែងបានប្រកាសព័ត៌មានទាក់ទងនឹងការឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយរថយន្តដឹកគ្រឿងញៀនខាងលើបញ្ជូនទៅ ពន្ធនាគារបណ្ដោះអាសន្ន និងកំពុងស្វែងរកបក្ខពួកផ្សេងទៀត ដែលរត់គេច។

តុលាការខេត្តស្ទឹងត្រែងមិនបានបញ្ជាក់អត្តសញ្ញាណជនត្រូវឃុំខ្លួននៅឡើយ៕