កម្សាន្ដ

ខេត្តបន្ទាយមានជ័យទទួលភ្ញៀវទេសចរទៅកម្សាន្ដជាង៨៦ម៉ឺននាក់នាឱកាសបុណ្យចូលឆ្នាំរោង៤ថ្ងៃ , ថ្ងៃបង្ហើយមានជាង៣០ម៉ឺននាក់

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ : សរុប៤ថ្ងៃគឺពីថ្ងៃទី១៣-១៦ខែមេសាឆ្នាំ២០២៤ ខេត្តបន្ទាយមានជ័យទទួលភ្ញៀវទេសចរទៅកម្សានសរុបមានចំនួន ៨៦២.១៦២នាក់  ដែលភ្ញៀវជាតិមានចំនួន៨៥៨.៧៨៨នាក់ ភ្ញៀវអន្តរជាតិចំនួន ៣.៣៧៤នាក់។

លោកឈឿន  សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យអោយដឹងកាលពីព្រលប់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២៤ថា គួរកត់សម្គាល់គឺស្ថិតិភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ ក្នុងបង្ហើយឬថ្ងៃទី៤នៃពិធីគឺថ្ងៃទី១៦ខែមេសាឆ្នាំ២០២៤  សរុបមានចំនួនដល់ទៅ៣០៣.៦៨៧នាក់ ភ្ញៀវជាតិមានចំនួន  ៣០២.៥៣៣នាក់ ភ្ញៀវបរទេសចំនួន១.១៥៤នាក់ ។ភ្ញៀវអន្តរជាតិភាគច្រើនជាជនជាតិចិន ជនជាតិថៃ ឥណ្ឌូណេស៊ី និងជនជាតិអឺរ៉ុបនៅតំបន់ប៉ោយប៉ែត ។

ក្នុងថ្ងៃបង្ហើយ របាយភ្ញៀវកម្សាន្តតាមគោលដៅនានា ៖

១-សួនតេជោឈ្នះឈ្នះឬសួនមានជ័យហៅវេទិកាខេត្តទីតាំងរៀបចំសង្ក្រាន្តរបស់រដ្ឋបាលខេត្តក្រុងសិរីសោភ័ណឬទីប្រជុំជនខេត្ត) ចំនួន៧៩.៧៣២នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ ចំនួន០៤នាក់

២-ប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួកចំនួន៧.៦៩៥នាក់

៣-អាងជើងគ្រុស  ស្រុកថ្មពួកចំនួន២.៤៣២នាក់

៤-ស្ពានភ្ជាប់និស្ស័យបារាយណ៍មេបុណ្យ ស្រុកថ្មពួកចំនួន ២.១០៨នាក់

៥-ក្រុងប៉ោយប៉ែត(តំបន់ដើមពុទ្ទ្រា) ចំនួន ២៨.៨០០នាក់ ក្នុងនោះបរទេសចំនួន១.១៥០ នាក់ ។

៦-អាងត្រពាំងថ្ម ស្រុកភ្នំស្រុកចំនួន៧.៦០០នាក់

៧-វត្តភ្នំតូច ស្រុកមង្គលបូរីចំនួន១៨.២៧០នាក់

៨-អូរខៃដន ក្រុងប៉ោយប៉ែតចំនួន៤២០នាក់

៩-ដុងអរញ្ញ  ក្រុងប៉ោយប៉ែតចំនួន៤៦៧នាក់

១០-សួនស្នេហ៍ជនបទ ក្រុងសិរីសោភ័ណចំនួន៣៨០នាក់និង១១-តំបន់ផ្សេងៗ(វត្តអារាមនានាក្នុងខេត្ត) ចំនួន ១៥៦.០០០នាក់ ។

លោកឈឿន សេរីវុធ ក៏បានរំលឹកដែរថា បើគិតពីភ្ញៀវទៅកម្សាន្តតាមថ្ងៃនីមួយៗនៃសង្ក្រាន្តបុណ្យចូលឆ្នាំរោងពស២៥៦៨ នៅខេត្តបន្ទាយមានជ័យមាន ដូចតទៅ៖    -ថ្ងៃទី១( ទី១៣ខែមេសាឆ្នាំ២០២៤ សរុបមានចំនួន ១២៦.៤៨១នាក់ អន្តរជាតិចំនួន ៧៦៥នាក់)

-ថ្ងៃទី២ (ទី១៤ខែមេសាឆ្នាំ២០២៤ សរុបមានចំនួន ១៩០.៤៣៨នាក់ អន្តរជាតិចំនួន ៣៨៦នាក់)

-ថ្ងៃទី៣ (ទី១៥ខែមេសាឆ្នាំ២០២៤ សរុបមានចំនួន ២៤១.៥៥៦នាក់ អន្តរជាតិចំនួន ១.០៦៩នាក់ និងថ្ងៃទី៤- ទី១៦ខែមេសាឆ្នាំ២០២៤ សរុបមានចំនួន  ៣០៣.៦៨៧នាក់ អន្តរជាតិចំនួន ១.១៥៤នាក់) ។

មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យបង្ហាញទិន្នន័យវិភាគដូច្នេះថា ការប្រៀបធៀបនឹងឆ្នាំ២០២៣ : សរុបកើនឡើង ៣២,៦៣% ។

ក្នុងនោះភ្ញៀវជាតិកើនឡើង   ៣២,៤៣% និងអន្តរជាតិកើនឡើង ១១៨,៨០% ៕