អន្តរជាតិ

អ៊ីស្រាអែលត្រៀមកម្លាំងទ័ពអាកាសដើម្បីបើកការវាយសងសឹកលើអ៊ីរ៉ង់តែអាមេរិកនិងសម្ព័ន្ធមិត្តមិនគាំទ្រទេ

ប្រែសម្រួល៖ រតនា
យោងតាមរបាយការណ៍កាលពីថ្ងៃចន្ទរបស់កងយោធាអ៊ីស្រាអែលបានឲ្យដឹងថាយោធាអ៊ីស្រាអែលបានសម្រេចចិត្តដោយបង្ខំត្រៀមបើកការវាយប្រហារលើអ៊ីរ៉ង់ដោយកម្លាំងទ័ពអាកាសដែលឥឡូវនេះកំពុងរៀបចំយន្តហោះចម្បាំងរបស់ខ្លួនឲ្យបានរួចរាល់ដើម្បីបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់។

សេចក្តីសម្រេចដ៏ច្បាស់លាស់មួយនេះត្រូវបានរាយការណ៍មកបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើបញ្ហាធ្វើសង្គ្រាមចំនួនពីរដែលក្នុងនោះមេដឹកនាំនៃប្រទេសជ្វីហ្វមួយនេះបានពិភាក្សាអំពីរបៀបឆ្លើយតបដោយបង្ខំទៅនឹងការវាយប្រហារកាលពីថ្ងៃសៅរ៍ដោយយន្តហោះគ្មានមនុស្សបើក ៣៥០គ្រឿងនិងកាំជ្រួចផ្លោង។

ទីភ្នាក់ងារសារព័ត៌មាន Channel 12 របស់អ៊ីស្រាអែលបានដកស្រង់របាយការណ៍នេះដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីស្រាអែល។
ទីភ្នាក់ងារសារព័ត៌មានប៉ុស្តិ៍លេខ 12 បាននិយាយថា កងកម្លាំងទ័ពអាកាសរបស់អ៊ីស្រាអែល ដែលរួមមានយន្តហោះចម្បាំង F-16, F-15 និង F-35 ដែលផលិតដោយសហរដ្ឋអាមេរិក បានត្រៀមរួចរាល់ហើយ ដើម្បីធ្វើការសងសឹកប្រឆាំងទៅនឹងប្រទេសអ៊ីស្លាមដ៏ផ្តាច់ការនេះ បើទោះបីជាមិនមានការកំណត់ពេលវេលាណាមួយជាក់លាក់ដែលត្រូវបា្រប់ឲ្យដឹងក៏ដោយ។
យោងតាមរបាយការណ៍បានឲ្យដឹងថា ការវាយប្រហារនេះមានគោលបំណងបញ្ជូនសារមួយថា អ៊ីស្រាអែល “នឹងមិនអនុញ្ញាតឲ្យការវាយប្រហារក្នុងទម្រង់នេះមកលើទឹកដីរបស់ខ្លួនដោយគ្មានប្រតិកម្មតបតអ្វីនោះទេ”។

លោកប្រធានាធិបតី Biden និងសម្ព័ន្ធមិត្តបានជំរុញអ៊ីស្រាអែលឲ្យព្យាយាមអត់ធ្មត់ បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាលោក Biden បានប្រាប់ លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីរអ៊ីស្រាអែលថា សហរដ្ឋអាមេរិកនឹងមិនគាំទ្រការវាយប្រហារតបតក្នុងទ្រង់ទ្រាយនេះទេ។

មេបញ្ជាការយោធាអ៊ីស្រាអែល លោកឧត្តមសេនីយ៍ទោ Herzi Halevi បានបញ្ជាក់កាលពីថ្ងៃចន្ទថា សកម្មភាពរបស់អ៊ីរ៉ង់ “គឺត្រូវតែធ្វើការឆ្លើយតប” ប៉ុន្តែលោកក៏បានបដិសេធមិនបញ្ជាក់លម្អិត ឬបង្ហាញពីពេលវេលាច្បាស់លាស់ណាមួយនោះទេ។

ក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានកាលពីរសៀលថ្ងៃចន្ទ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បានហៅការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែលថា “ជាការបរាជ័យដ៏អស្ចារ្យ និងគួរឲ្យអាម៉ាស់”។

លោក Kirby បានពន្យារពេលឆ្លើយតបទៅនិងសំណួរដែលថាតើគាត់រំពឹងថាសហរដ្ឋអាមេរិកនឹងត្រូវបានសង្ខេបរឿងនេះនៅមុនពេលកងយោធាអ៊ីស្រាអែលធ្វើការឆ្លើយតបឬមួយយ៉ាងណា ។

“នោះគឺជាការសម្រេចចិត្តរបស់អ៊ីស្រាអែល ថាតើពួកគេនឹងឆ្លើយតបយ៉ាងណាចំពោះអ្វីដែលអ៊ីរ៉ង់បានធ្វើកាលពីថ្ងៃសៅរ៍ យើងនឹងពិចារណាដោយស្មើភាពជាមួយពួកគេ”។

យោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន Axios លោក Barak Ravidបានឲ្យដឹងថាលោក Yoav Gallant កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានព្រមានសមភាគីអាមេរិករបស់លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិថា រដ្ឋកំណើតរបស់ជនជាតិជ្វីហ្វ គ្មានជម្រើសអ្វីក្រៅពីការសងសឹកប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមដ៏ឃោរឃៅ បន្ទាប់ពីបានបាញ់បង្ហោះកាំជ្រួចរាប់រយគ្រាប់ និងយន្តហោះគ្មានមនុស្សបើក ចូលដែនអាកាសអ៊ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍។

ការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់គឺជាការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទីក្រុង Damascus កាលពីថ្ងៃទី ១ ខែមេសា ដែលឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់ម្នាក់ត្រូវបានសម្លាប់។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ក្រោយមកបានរាយការណ៍ថា គោលដៅនៃការវាយប្រហារ គឺឧត្តមសេនីយ៍ Mohammad Reza Zahedi គឺជាអ្នករៀបចំផែនការដ៏សំខាន់នៅក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ខែតុលា ទៅលើភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សជាង ១,១០០ នាក់ និងបានបង្កឲ្យមានសង្រ្គាមនៅតំបន់ហ្គាហ្សា។

អ៊ីស្រាអែលធ្វើការជាមួយសម្ព័ន្ធមិត្ត រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង ហ្ស៊កដានី និងអារ៉ាប៊ីសាអូឌីត អាចបញ្ឈប់បាន ៩៩% នៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ៣៥០ គ្រឿងកាំជ្រួចផ្លោងដែលត្រូវបានបាញ់ដោយអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន Jerusalem Post បានឲ្យដឹងថាគ្មានយន្តហោះគ្មានមនុស្សបើកបានវាយប្រហារលើទឹកដីអ៊ីស្រាអែលនោះទេ ហើយមានតែកាំជ្រួចផ្លោងមួយចំនួនតូចប៉ុណ្ណោះដែលបានធ្លា្កក់ចូលទឹកដីអ៊ីស្រាអែល ។

យោងតាមសារព័ត៌មានThe Times of Israel បានរាយការណ៍កាលពីថ្ងៃចន្ទថាការជជែកដេញដោលគ្នាអំពីរបៀប និងពេលវេលាដែលត្រូវវាយបកទៅលើអ៊ីរ៉ង់ដែលបានជំរុញឲ្យអ៊ីស្រាអែលពន្យារពេលធ្វើការលុកលុយដោយកងយោធាដែលរំពឹងទុកជាយូរមកហើយនៅក្នុងទីក្រុង Rafah ភាគខាងត្បូង Gaza ៕