សន្ដិសុខសង្គម

សត្វដំរីព្រៃបានយកប្រមោយចាប់ត្រកងស្រ្តីម្នាក់បោកបណ្ដាលឲ្យស្លាប់ពេលទៅរកជីកទំពាំង

ដោយ:សុខុម
មណ្ឌលគិរីៈស្រ្តីម្នាក់បានស្លាប់ក្រោយសត្វដំរីព្រៃយកប្រមោយរបស់វាចាប់ត្រកងបោកគឺនៅពេលកំពុងតែដើររកទំពាំងក្នុងភូមិសាស្ត្រអូរដំរីផុងភូមិអូរអាមឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។
អ្នកភូមិបានឲ្យដឹងថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅម៉ោងជាង៩ព្រឹកថ្ងៃទី១៤ខែមេសាឆ្នាំ២០២៤ចំថ្ងៃបុណ្យចូលឆ្នាំ។
រីឯរបាយការណ៍របស់នគរបាលស្រុកកែវសីមាបានបញ្ជាក់ថាសពស្រ្តីរងគ្រោះមានឈ្មោះ សែម ស៊ីណាត អាយុ ៣៨ឆ្នាំ រស់នៅ ភូមិ អូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។


ជុំវិញរឿងរ៉ាវខាងលើនេះសាច់ញាតិរបស់សពបានឱ្យដឹងថា ជនរងគ្រោះនិងស្វាមីនាំគ្នាទៅដើររកទំពាំងព្រៃនៅចំណុចអូរដំរីផុង ពេលនោះក៏បំបែកគ្នា។នៅពេលប្តីរកទំពាំងបានបន្តិចក៏ដើរមករកស្រាប់តែឃើញប្រពន្ធត្រូវដំរីចាប់បោកបណ្ដាលឱ្យស្លាប់បាត់ទៅហើយ។ភ្លាមៗប្ដីក៏បានទូរសព្ទហៅបងប្អូនមកជួយ។
នៅពេលទៅដល់ភូមិក្រុមគ្រួសារដឹកសពយកទៅធ្វើបុណ្យនៅស្រុកកំណើត ភូមិ មេមង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕