អន្តរជាតិ

ចាប់ស្រ្តីនៅអាមេរិកម្នាក់ពីបទទៅវិស្សមកាលទុកកូនអាយុ៦ឆ្នាំនិង៨ឆ្នាំចោលនៅផ្ទះជិតមួយសប្តាហ៍

ប្រែសម្រួល៖ ស-សម្បត្តិ
អាជ្ញាធរបានឲ្យដឹងថាស្រ្តីនៅក្រុង Houstonរដ្ឋតិចសាស់ម្នាក់ត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ថាបានបោះបង់កូនតូចៗពីរនាក់ចោលនៅក្នុងផ្ទះហើយនាងបានទៅវិស្សមកាលកាលជិះទូកលេងកម្សាន្តតែម្នាក់ឯងកាលពីពីថ្ងៃទី ៤ ខែមេសា។


អាជ្ញាធរបានឲ្យដឹងថានាង Lakesha Woods Williams អាយុ ២៩ ឆ្នាំជាម្តាយរបស់កុមារពីរនាក់ដែលមានអាយុ៦ឆ្នាំនិង៨ឆ្នាំត្រូវបានចាប់ខ្លួនក្រោមបទចោទចំនួន ពីរករណីគឺ ទីមួយពីបទមិនថែទាំកុមារនិងទីពិលើបទបង្កគ្រោះថ្នាក់ដល់កុមារបន្ទាប់ពីមន្រ្តីបានរកឃើញថានាងបានទុកកូនអាយុ ៨ ឆ្នាំនិងអាយុ ៦ ឆ្នាំនៅក្នុងផ្ទះល្វែងដ៏ខ្ពស់ក្នុងទីក្រុង Houstonរដ្ឋតិចសាស់ដោយគ្មានការមើលថែពីមនុស្ស្សចាស់។
នាង Willimas បានទុកកូនរបស់នាងចោលនៅក្នុងផ្ទះដើម្បីទៅវិស្សមកាលកាលពីថ្ងៃទី ៤ ខែមេសាហើយនាងបានត្រឡប់មកវិញនៅយប់ថ្ងៃទី ១០ ខែមេសា។ នាងត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃបន្ទាប់។
យោងតាមកំណត់ហេតុរបស់តុលាការដែលទទួលបានដោយទីភ្នាក់ងារ Fort Worth Star-Telegram បង្ហាញថាអ្នកស្រុកជិតខាងរបស់នាងមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់កុមារទាំងពីរហេតុនេះហើយគេបានទូរសព្ទទៅកាន់ភ្នាក់ងារសង្គ្រោះបន្ទាន់។ អ្នកស្រុកជិតខាងរបស់នាងបានឃើញនាង Williams ជាម្តាយបានចាកចេញពីអគារជាមួយនឹងវ៉ាលិសកាលពីថ្ងៃទី ៤ ខែមេសា ហើយបានកត់សម្គាល់ឃើញថានាងខកខានមិនបានត្រឡប់មកផ្ទះវិញអស់ជាច្រើនថ្ងៃ ។របាយការណ៏បានគូសបញ្ជាក់ថាអធិការរងទទួលបន្ទុកសង្រ្កោះបន្ទាន់បានទៅមើលអាផាតមិននៅថ្ងៃទី ៩ ខែមេសា ហើយបានរកឃើញក្មេងទាំងពីរនៅតែពីរនាក់ក្នុងផ្ទះល្វែងដែលមានសំរាម និងអាហារនៅលើឥដ្ឋ ហើយមានក្លិនឆ្អេះទឹកនោម។
លោកអធិការរងបាននិយាយថាទីតាំងនេះគឺស្ថិតក្នុងបរិវេណដែលមានសភាព “ច្របូកច្របល់ខ្លាំង”។
ក្មេងៗបានប្រាប់គាត់ថា ម្តាយរបស់ពួកគេបានចេញទៅវិស្សមកាលហើយបានទាក់ទងមកពួកគេតាមរយៈកាវិដេអូខលនិងតាមរយៈការផ្ញើសារមកកាន់ពួកគេ។


កុមារត្រូវបានត្រួតពិនិត្យដោយគ្រូពេទ្យ ក៏ដូចជាសេវាការពារកុមារ។ ពួកគេត្រូវបានគេយកចេញពីផ្ទះល្វែង ហើយឥឡូវស្ថិតក្នុងការមើលថែរបស់មីងរបស់ពួកគេ។
អ្នកជិតខាងបានប្រាប់លោកអធិការរងថានេះមិនមែនជាលើកទីមួយនោះទេ ដែលពួកគេត្រូវបានម្តាយទុកចោលនៅក្នុងផ្ទះដោយមិនមានការមើលថែពីមនុស្សចាស់។

លោក អធិការរង Ted Heap បានអះអាងថា “យើងកំពុងកសាងសំណុំរឿងស្វែងរកការពិត នៅក្នុងកាលៈទេសៈដែលកុមារទាំងនេះត្រូវបានម្តាយទុកចោលអស់រយៈពេលជាច្រើនថ្ងៃ” ។ ប៉ុន្តែអ្វីដែលសំខាន់គឺកុមារទាំងនេះមានសុវត្ថិភាពហើយអ្នកដែលទទួលខុសត្រូវគួរតែទទួលខុសត្រូវចំពោះករណីទុកកុមារចោលឲ្យស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់បំផុតហើយមិនមានសុវត្ថិភាពសម្រាប់់ផាសុកភាពនិងសន្តិសុខ។
នាង Williams ត្រូវបានឃុំឃាំងនៅក្នុងព្ធនាគារ Harris County បន្ឋាប់មកត្រូវបានតុលាការបញ្ជាឲ្យបង់ប្រាក់ធានាខ្លួននៅក្រៅឃុំចំនួន ៤០,០០០ ដុល្លារ នាងនឹងត្រូវមកបង្ហាញខ្លួននៅតលាការនៅថ្ងៃចន្ទខាមុខនេះ៕