ដោយ៖ គង់ហេង
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានស្នើដល់អាជ្ញាធរស្រុក ក្រុងទាំង ១០ រួមជាមួយមន្ទីរទេសចរណ៍ខេត្ត សហការ និងសម្របសម្រួលជាមួយអាជីវករជាអ្នកលក់ដូរ ទំនិញ និងអាហារតាមបណ្តារមណីយដ្ឋាន និងទីកន្លែងលក់ដូរផ្សេងទៀត គឺលក់ដូរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ប៉ុន្មានថ្ងៃទៀតនេះ សូមរក្សាតម្លៃលក់ដូរដូចថ្ងៃធម្មតា។
ការស្នើឱ្យកំណត់តម្លៃទំនិញ និងអាហារតាមបណ្តារមណីយដ្ឋាននានា និងនៅតាមទីកន្លែងផ្សេងទៀតឱ្យនៅតម្លៃលក់ដូរ ដូចថ្ងៃធម្មតារបស់លោកអភិបាលខេត្តកំពង់ចាមនេះ នៅក្នុងការដែលលោកបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៥៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅក្នុងសាលាខេត្តនេះនៅថ្ងៃទី ១១ មេសានេះ។
លោក អ៊ុន ចាន់ដា បានថ្លែងថា៖ បញ្ហាលក់ដូរយកសេវាលើសថ្ងៃលក់ធម្មតានេះ តែងកើតមានក្នុងថ្ងៃបុណ្យទាន គឺកន្ទេលធំប្រឡំដេក ឬជនឱកាសនិយមបង្កើតបញ្ហាដល់អាជ្ញាធរ ដែលជាក់ស្តែងកាលពីបុណ្យចេញវស្សាកន្លងទៅ មានករណីអ្នកប្រើប្រាស់ដីចំណីថ្នល់ លក់ដូរ ផ្ញើម៉ូតូ ដោយយកតម្លៃម៉ូតូមួយ គ្រឿង ៥.០០០ រៀល។ ក្រោយពីបានទទួលព័ត៌មាននេះលោកបានឱ្យអាជ្ញាធរក្រុងកំពង់ចាម ចុះធ្វើកិច្ចសន្យាឱ្យយកម៉ូតូមួយគ្រឿងចំនួន ១.៥០០ រៀលវិញ។
លោកបានបន្ថែមថា៖ យើងត្រូវកំណត់តម្លៃលក់ដូរសេវាយានជំនិះគ្រប់ប្រភេទតម្លៃលក់ដូរម្ហូបអាហារផ្សេងៗ ដោយកំណត់តម្លៃដូចថ្ងៃលក់ដូរធម្មតា គឺបញ្ហានេះកំណត់តម្លៃគ្រប់មុខទាំងអស់ តាមបណ្តារមណីយដ្ឋានក្នុងខេត្តកំពង់ចាម តាំងពីរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន,រមណីយដ្ឋានទឹកឆា រួមទាំងកន្លែងផ្សេងទៀត តម្រូវឱ្យមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ។ ជាពិសេសមន្ទីរទេសចរណ៍ ខេត្តកំពង់ចាមដើរតួសំខាន់ក្នុងការសម្របសម្រួល ជាមួយនឹងអាជ្ញាធរ និងម្ចាស់រមណីយដ្ឋាន។
លោកបានបន្តថា៖ យើងជាអាជ្ញាធរត្រូវធ្វើឲ្យបានម៉ឺងម៉ាត់បង្កលក្ខណៈឱ្យបរិយាកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនាពេលខាងមុខនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ហើយបន្សល់ទុកនូវអនុស្សាវរីយ៍ ភាពសប្បាយរីករាយក្នុងចិត្តប្រជាពលរដ្ឋ ដើម្បីទទួលបានការគាំទ្របន្តទៀត៕