ដោយ៖ កំចាយ
កំពត៖ ពិធីសង្ក្រាន្តក្នុងខេត្តកំពតឆ្នាំនេះមិនត្រឹមតែរៀបចំបានល្អជាងឆ្នាំមុនប៉ុណ្ណោះទេ ប៉ុន្តែក្រៅពីការលេងល្បែងកម្សាន្តសប្បាយនានា គឺស្ទើរគ្រប់មន្ទីរ អង្គភាពបានគាំទ្រ ហើយនាំយករបាំត្រុដិ និងរបាំជូនពរមកសម្តែងដើម្បីបណ្តេញឧបទ្រពចង្រៃជំនួសមកវិញនូវសិរីសួស្តីសម្រាប់គ្រឹះស្ថានរៀងៗខ្លួនទៀតផង។
ក្រុមរបាំត្រុដិជាសិស្សដែលបានសម្តែងនៅវិទ្យាល័យហ៊ុនសែនអង្គចក ស្រុកជុំគិរី បានរៀបរាប់ថា ការរៀបចំសង្ក្រាន្តនៅតាមសាលាឆ្នាំនេះមានលក្ខណៈផុលផុសល្អ ដោយមានកម្មវិធីសប្បាយច្រើន ពិសេសពិធីសម្តែងរបាំត្រុដិជាសិល្ប:ប្រពៃណីមួយប្រភេទដែលមានតួអង្គរហូតដល់២៨នាក់។ ការលើកតម្កើងរបាំត្រុដិបានធ្វើឲ្យសិស្សានុសិស្សចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រុមរបាំត្រុដិបានបន្តថា ក្រៅពីអត្ថន័យនៃរបាំត្រុដិ ការចូលរួមសម្តែង និងហាត់សមជាបទពិសោធន៍មួយដ៏សំខាន់ ព្រោះបើមិនមានសាមគ្គីភាព គ្មានការជួយ និងកែលម្អគ្នាទេនោះរបាំនេះមិនអាចសម្តែងបានល្អឡើយ។
ចំណែកក្រុមសិស្សរាំរបាំជូនពរបានបញ្ជាក់ថា ពួកនាងពិតជាមានមោទកភាពចំពោះរបាំកេរដំណែលដូនតាខ្មែរណាស់ ពិសេសរបាំជូនពរ ដែលបង្ហាញពីចរិតលក្ខណៈនារីខ្មែរ សុភាពទន់ភ្លន់ ថ្លៃថ្នូរ ស្រស់ស្រាយ និងឧស្សាហ៍ព្យាយាម។ ក្បាច់រាំយ៉ាងរស់រវើកបានអង្ទងចិត្តអ្នកទស្សនាឱ្យភ្លេចក្តីកង្វល់ និងមានអារម្មណ៍ថាកំពុងទទួលពរជ័យ សិរីមង្គល វិបុលសុខក្នុងឱកាសឆ្នាំថ្មីពីតួអង្គសម្តែងពិតៗ។ ក្នុងនាមជាយុវជន ពួកនាងនឹងយកចំណេះនេះទៅចែករំលែកបន្តដល់ក្មេងៗជំនាន់ក្រោយ និងមិត្តភក្តិដើម្បីរួមគ្នាថែរក្សាសិល្បៈកេរដូនតាខ្មែរឱ្យនៅគង់វង្ស។
លោក គង់ ផល្លា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:បានប្រាប់ឱ្យដឹងថា នៅទូទាំងខេត្តកំពតមានរបាំជូនពរចំនួន៨ក្រុម ដោយស្រុកឈូកមាន២ក្រុម ក្រុងកំពត៥ក្រុម និងក្រុងបូកគោមាន១ក្រុម។ ចំណែករបាំត្រុដិមាន៤ក្រុមស្ថិតក្រុងកំពត។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ជាមួយនឹងក្រុមដែលមានស្រាប់ មន្ត្រីជំនាញក៏បានចុះសហការជាមួយសាលារៀននានាដើម្បីបង្ហាត់បង្រៀនសិស្សានុសិស្សក្នុងការសម្តែងរបាំត្រុដិ និងរបាំជូនពរឱ្យបានត្រឹមត្រូវតាមទម្រង់ដើមទៀតផង៕