ដោយ៖ កំចាយ
កំពត៖ អភិបាលខេត្តកំពតបានណែនាំដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាម្ចាស់ផ្ទះត្រូវមានបដិសណ្ឋារកិច្ចល្អសម្រាប់ភ្ញៀវដែលចូលមកលេងកម្សាន្តក្នុងខេត្តពោរពេញដោយសក្តានុពលទេសចរណ៍មួយនេះ។
កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ លោក ម៉ៅ ធនិន បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការចំណុះសាលាខេត្តប្រមាណជាង៣០០នាក់ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលដ៏ខ្លីខាងមុខ។
ក្នុងពិធីខាងលើ លោកអភិបាលខេត្តបានមានប្រសាសន៍ថា បន្ថែមលើសក្តានុពលទេសចរណ៍ដែលកន្លងមកនៅទូទាំងខេត្តមានរមណីយដ្ឋានទាំងបែបធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ សាសនា និងបែបកែច្នៃជាង៣០កន្លែងនោះ ពេលនេះរដ្ឋបាលខេត្តបានបង្កើតមណ្ឌលកម្សាន្តថ្មីៗជាច្រើនកន្លែងទៀតសម្រាប់បំពេញតម្រូវការភ្ញៀវមកពីទីជិតឆ្ងាយ។ ឆ្លើយតបនឹងកំណើនភ្ញៀវ ក៏ដូចជាដើម្បីទាក់ទាញទេសចរបន្ថែម បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងគ្រប់ផ្នែកពាក់ព័ន្ធដែលជាម្ចាស់ខេត្តផ្ទាល់ត្រូវមាន និងប្រតិបត្តិនូវបដិសណ្ឋារកិច្ចឱ្យបានល្អបំផុត។
លោក ម៉ៅ ធនិន បានណែនាំថា ទន្ទឹមនឹងនេះ ដើម្បីរក្សាបាននូវកេរ្តិ៍ឈ្មោះក្នុងនាមជាអ្នកខេត្តទេសចរណ៍ សូមបងប្អូនប្រជាពលរដ្ឋរក្សាអនាម័យបរិស្ថាន ព្រមទាំងចូលរួមតុបតែងលម្អទាំងតាមទីសាធារណ: ក៏ដូចជាលំនៅស្ថានរៀងខ្លួនឱ្យស្រស់បំព្រង និងល្អស្អាតគ្រន់ៗគ្នា។ បន្ថែមលើនេះ ពលរដ្ឋគ្រប់រូបត្រូវប្រណិប័តន៍នូវគន្លងវប្បធម៌ ប្រពៃណីជាតិ និងមិនត្រូវប្រព្រឹត្តនូវអ្វីដែលនាំឱ្យប្រាសចាកពីសីលធម៌សង្គម និងច្បាប់របស់ប្រទេសឡើយ៕