សេដ្ឋកិច្ច

សម្តេចធិបតីលើកទឹកចិត្តអ្នកមានលទ្ឋភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើនដើម្បីបញ្ចៀសហានិភ័យនាពេលអនាគត

ដោយ ៖គង់ សូរិយា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើន ដើម្បីចៀសវាងនូវហានិភ័យនាកង្វះកម្លាំង នាពេលអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញបិទ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយជាតិប្រជាជន២០១៦ -២០៣០ គឺឈរលើគោលការណ៍ ទទួលស្គាល់ និងគាំទ្រ ចំពោះសិទ្ធិរបស់គូស្វាមីភរិយា និងបុគ្គលទាំងអស់ ឱ្យមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្តដោយសេរី និងដោយទទួលខុសត្រូវ លើចំនួនកូន និងការពន្យារកំណើត ហើយឱ្យមានលទ្ធភាពទទួលបាននូវព័ត៌មាន ការអប់រំ សេវា និង មធ្យោបាយ ដើម្បីធ្វើការសម្រេចចិត្តនេះ។

គ្រួសារប្រជាពលរដ្ឋកម្ពុជា មានកូនជាមធ្យម១,២ភាគរយ ដែលចំនួននេះ មានអត្រាស្មើគ្នានឹងប្រទេសឡាវ ប៉ុន្តែកម្ពុជាមានសក្តានុពល ក្នុងការបង្កើនកំណើនប្រជាសាស្រ្តជាង ដោយសារកម្ពុជាមានប្រជាជនច្រើនជាងប្រទេសឡាវ និងភាគច្រើនជាប្រជាជនវ័យក្មេង៕