ភ្នំពេញ៖សមាគម វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និង ជីប ម៉ុង អេកូសាយខល (Chip Mong Ecocycle) ដែលជាគម្រោងនៃដំណោះស្រាយសម្រាប់ការគ្រប់គ្រងសំណល់ឧស្សាហកម្មប្រកបដោយនិរន្តរភាពដំបូងគេនៅប្រទេសកម្ពុជារបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានរៀបចំសិក្ខាសាលាមួយស្តីពី «ការអនុវត្តន៍ HIGG FEM សម្រាប់វិស័យឧស្សាហកម្ម វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា» នៅសណ្ឋាគារហ្វ៊ែរហ្វៀល បាយ ម៉ារៀត (Fairfield by Marriott Phnom Penh) កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។
យោងតាម សមាគម TAFTACកម្មវិធីHIGG FEMនិង ជីប ម៉ុង អេកូសាយខល (Chip Mong Ecocycle) មានគោលដៅរួមគ្នាដើម្បីលើកកម្ពស់និងអភិវឌ្ឍពិភពលោកជាមួយនឹងការវិវត្តន៍បៃតងដែលអាចជួយឱ្យមនុស្សជំនាន់ក្រោយរស់នៅក្នុងទីកន្លែងល្អប្រសើរ តាមរយៈការអភិវឌ្ឍបរិស្ថាន និងនិរន្តរភាព។ ស្របតាមគោលដៅខាងលើ សមាគម TAFTAC បានរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងណែនាំកម្មវិធី HIGG FEM ជំនាន់ថ្មី និងណែនាំបច្ចេកវិទ្យា ខូ-ប្រូសេសស៊ីង (Co-processing) ពី ជីប ម៉ុង អេកូសាយខល (Chip Mong Ecocycle) ដែលទទួលបានអាជ្ញាប័ណ្ណ និងត្រូវបានទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេសលើដំណោះស្រាយកាកសំណល់ប្រកបដោយនិរន្តរភាព ដែលនេះជាគន្លឹះដ៏សំខាន់ក្នុងការធ្វើឱ្យអាជីវកម្មឧស្សាហកម្មវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរក្នុងប្រទេសកម្ពុជា ស្របតាមការអភិវឌ្ឍបរិស្ថានប្រកបដោយនិរន្តរភាព ដោយធ្វើឱ្យឧស្សាហកម្មទទួលបានការវាយតម្លៃពី HIGG FEM លើសពីកម្រិតមួយ។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងណែនាំបន្ថែមអំពីនីតិវិធីអនុវត្តន៍ដល់បណ្តារោងចក្រដែលកំពុងអនុវត្តន៍កម្មវិធី HIGG FEM ដើម្បីអោយពួកគេអាចពង្រឹងសមត្ថភាពក្នុងការអនុវត្តន៍ស្របតាមតម្រូវការរបស់អ្នកបញ្ជាទិញ។ គួរបញ្ជាក់ថា HIGG FEM គឺជាគន្លឺះនៃការប៉ាន់ស្មានតម្លៃនិរន្តរភាពដែលអនុញ្ញាតឱ្យមានមធ្យោបាយវាស់វែង និងវាយតម្លៃនូវគុណភាពបរិស្ថានពីមួយឆ្នាំទៅមួយឆ្នាំ និងជំរុញភាពជាដៃគូប្រកបដោយផលិតភាពរវាងក្រុមហ៊ុន និងអ្នកបញ្ជាទិញផងដែរ។
នៅក្នុងសិក្ខាសាលានេះដែរ មានការចូលរួមធ្វើបទបង្ហាញពីសំណាក់អ្នកជំនាញការមកពី Control Union និង ជីប ម៉ុង អេកូសាយខល (Chip Mong Ecocycle) លើប្រធានបទសំខាន់ៗចំនួនពីរគឺ៖
១) ការអនុវត្តន៍ HIGG FEM សម្រាប់ឧស្សាហកម្ម វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជាដោយ កញ្ញា Umesha Maddumaarachchi ជាសវនករ និងជាអ្នកផ្ទៀងផ្ទាត់ Higg FEM ដែលចងសម្ព័ន្ធជាមួយ Control Union ។
២) បទបង្ហាញអំពីសេវាកម្មរបស់ ជីប ម៉ុង អេកូសាយខល (Chip Mong Ecocycle), បច្ចេកវិទ្យា ខូ-ប្រូសេសស៊ីង (Co-processing) និងអត្ថប្រយោជន៍របស់វាចំពោះឧស្សាហកម្មវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើងនិងទំនិញធ្វើដំណើរសម្រាប់ការអនុលោមតាមតម្រូវការHIGG FEM ដោយលោក Sanka Seneviratne ប្រធាន ជីប ម៉ុង អេកូសាយខល (Chip Mong Ecocycle) ។
លោក Albert Tan អនុប្រធានសមាគម TAFTAC មានប្រសាសន៍ថា ចំណេះដឹងអំពីការអនុវត្តន៍ HIGG ពិតជាមានសារៈសំខាន់ ព្រោះវាជាស្តង់ដាវាយតម្លៃក្នុង ឧស្សាហកម្ម វាយនភណ្ឌ និងស្បែកជើងដើម្បីវាស់វែងពីនិរន្តរភាពនៃបរិស្ថាន និងសង្គមនៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់រោងចក្រ។ លោកក៏បានបន្តទៀតថា HIGG ត្រូវបាន បង្កើតឡើងនៅឆ្នាំ២០១២ដោយ សម្ព័ន្ធសម្លៀកបំពាក់ប្រកបដោយនិរន្តរភាព (Sustainable Clothing Alliance) ដែលជាស្ថាប័នមិនស្វែងរកចំណេញមួយដោយមានការចូលរួមពីសំណាក់ម្ចាស់ម៉ាកយីហោធំៗ អ្នកលក់រាយ ម្ចាស់ក្រុមហ៊ុន ស្ថាប័នអប់រំ អង្គការមិនស្វែងរកប្រាក់ចំណេញ (NGOs) រដ្ឋាភិបាល និងភាគីពាក់ព័ន្ធជាច្រើនទៀត ដោយមានចំនួនសរុបជាង៣០០ស្ថាប័ន។
លោកអនុប្រធានសមាគម TAFTAC បានបន្ថែមថា «នៅក្នុងសិក្ខាសាលានេះនឹងមានការធ្វើបទបង្ហាញពិសេសមួយដោយ ជីប ម៉ុង អេកូសាយខល (Chip Mong Ecocycle) អំពីការគ្រប់គ្រងកាកសំណល់ឧស្សាហកម្មសម្រាប់បង្កើនអនុលោមភាព HIGG FEM ។ ជីប ម៉ុង អេកូសាយខល (Chip Mong Ecocycle) មានជំនាញឯកទេសក្នុងការផ្តល់សេវាកម្មគ្រប់គ្រងសំណល់ ប្រមូលដឹកជញ្ជូន និងបច្ចេកវិទ្យា ខូ-ប្រូសេសស៊ីង (Co-processing) ដែលអាចកែច្នៃកំទេចកាកសំណល់គ្រោះថ្នាក់ និងមិនគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងសេវាកម្មដែលពោរពេញដោយវិជ្ជាជីវៈបែបនេះបានរួមចំណែកច្រើនក្នុងការធ្វើឱ្យមានកំណើនបៃតងនៃ ឧស្សាហកម្ម វាយនភណ្ឌ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា»។
ជាមួយគ្នានេះដែរ លោក Kasem Makrailert នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន មានប្រសាសន៍ថា ៖ «ជារៀងរាល់ឆ្នាំពិភពលោកបានបង្កើតកាកសំណល់រឹងជាង ២ពាន់លានតោន ហើយត្រូវបានគេប៉ាន់ស្មានថានឹងអាចឡើងដល់ជាង ៣.៥ពាន់លានតោន ជាប្រចាំឆ្នាំនៅឆ្នាំ២០៥០។ នៅក្នុងកាកសំណល់ទាំងអស់នោះ សំណល់អាហារ និងសរីរាង្គរួមគ្នាមាន ៤៤% ស្របពេលដែលក្រដាស ប្លាស្ទីក កៅស៊ូ និងស្បែកមាន ៣១% នៃសំណល់សរុប។ ដូច្នេះក្នុងនាមយើងជាពលរដ្ឋម្នាក់របស់ពិភពលោក យើងត្រូវមានទំនួលខុសត្រូវក្នុងការកាត់បន្ថយកាកសំណល់»។
លោកនាយកប្រតិបត្តិស្តីទីបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំរីករាយណាស់ដែលសមាគម TAFTAC ឈានមុខគេក្នុង ការអនុវត្តន៍ HIGG FEM ។ សិក្ខាសាលាថ្ងៃនេះជាជំហានដំបូងដ៏សំខាន់របស់យើង ដើម្បីជួយគ្នាកាត់បន្ថយកម្តៅរបស់ ពិភពលោក។ នៅក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន យើងរីករាយក្នុងការក្លាយជាដៃគូរបស់អ្នកសម្រាប់ការគ្រប់គ្រងកាកសំណល់។ យើងធ្វើការរួមគ្នា និងរួមចំណែកជួយឱ្យពិភពលោកមានភាពបៃតង ដើម្បីកូនៗរបស់យើងជំនាន់ក្រោយ»។
សូមជម្រាបថា វិស័យឧស្សាហកម្ម វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ជាវិស័យមួយដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះដែរ វិស័យនេះក៏មានទំនួលខុសត្រូវដ៏សំខាន់មួយ ដើម្បីធានាថាអាចបន្តនិរន្តរភាពរបស់ ខ្លួនបានទាំងផ្នែកសេដ្ឋកិច្ច និងបរិស្ថាន៕