ព័ត៌មានជាតិ

អភិបាលខេត្តចែករំលែកបទពិសោធន៍នៃការដឹកនាំដល់មន្រ្តីថ្នាក់ក្រោម

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចែករំលែកបទពិសោធន៍ នៃការដឹកនាំ ដល់មន្រ្តីថ្នាក់ក្រោម ពោលគឺដើម្បីរក្សាការងារឱ្យកាន់តែខ្លាំងបន្ថែមទៀត និងឱ្យមន្រ្តីទទួលបានជោគជ័យក្នុងការងារ សក្តិសមជាមន្រ្តីបន្តវេននាពេលអនាគត។

បន្ទាប់ពីនិមន្តព្រះសង្ឃធ្វើពិធីចម្រើនព្រះបរិត្ត ប្រសិទ្ធពរពុទ្ធមង្គលជ័យ និងប្រោះព្រំជូនដល់មន្រ្តីរាជការដែលបានចូលរួមពិធីសាសនា ប្រមាណជាង ២០០ នាក់ ដែលបានប្រព្រឹត្តទៅនៅក្នុងសាលាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី ៨ មេសានេះ លោកអភិបាលខេត្តកំពង់ចាម បានថ្លែងថា៖ សូមផ្តល់គន្លឹះ នៃការដឹកនាំដល់មន្រ្តីបន្តវេន ជាពិសេសមន្រ្តីជាយុវជនដែលសម្បូរថាមពល ធនធានសមត្ថភាព។

លោក អ៊ុន ចាន់ដា បានថ្លែងថា៖ មន្រ្តីបន្តវេនជាថ្នាក់ដឹកនាំ គឺដើម្បីរក្សាការងារឱ្យកាន់តែខ្លាំងបន្ថែមទៀត គឺត្រូវមានគោលការណ៍ៈ រក្សានូវសមិទ្ធផលរដ្ឋបាលជំនាន់មុន,បន្តកសាងនូវសមិទ្ធផលថ្មីៗ បន្ថែមទៀត ជាពិសេសការកសាងនូវសមត្ថភាពរបស់ខ្លួន និងត្រៀមលក្ខណៈកសាងនូវមូលដ្ឋានគ្រឹះ ឱ្យក្លាយជាមន្រ្តីបន្តវេន។

លោកបានថ្លែងបន្តថា៖ ធ្វើយ៉ាងណាឱ្យមន្រ្តីក្រោមបង្គាប់ចេះធ្វើការងារ គឺបើគាត់(មន្រ្តីក្រោមបង្គាប់)មិនចេះធ្វើការងារទេ យើងប្រើគាត់ប្រើគាត់មិនបានទេ, ឱ្យមន្រ្តីចេះសម្រេចចិត្តហើយឱ្យគាត់មានសិទ្ធិសម្រេចចិត្ត ក្នុងកម្រិតការទទួលខុសត្រូវរបស់គាត់ និងត្រូវចេះផ្តល់សិទ្ធិឱ្យគាត់ និងត្រូវផ្តល់ធនធាន និងមធ្យោបាយឱ្យគាត់ធ្វើការ៕