កីឡា

បិទការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់មិត្តភាពអាយុ៣៥ឆ្នាំឡើង

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ ៖ បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលមួយថ្ងៃពេញ នៅរាត្រីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីដណ្តើម”ពានរង្វាន់បាល់ទាត់មិត្តភាពអាយុ៣៥ឆ្នាំឡើង “នោះ បានបិទនិងប្រគល់ពាន រង្វាន់ហើយ ។

កីឡាករចូលរួមមានចំនួន៤ក្រុមនៃ៤ ខេត្ត រាជធានី គឺខេត្តបន្ទាយមានជ័យធ្វើជាជាម្ចាស់ផ្ទះ រាជធានីភ្នំពេញ,ខេត្តប៉ៃលិន និងខេត្តសៀមរាប ប្រព្រឹត្តទៅនៅតារាងបាល់ទាត់ស្មៅសិប្បនិម្មិតហែបភី ស្ប៉ត ( Happy Sport Football Yard) ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អញ្ជើញចូលរួមមានលោកឧត្តមសេនីយ៍បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ជាអធិបតី  លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណនិងលោកគ្រូបង្វឹក ដែលជាកីឡាករបាល់ទាត់ចូលនិវត្តន៍ម្នាក់ ព្រមទាំងអ្នកគាំទ្រកីឡាយ៉ាងច្រើនកុះករ ។

បើតាមគណៈកម្មការប្រកួតអោយដឹងថា : ការប្រកួត ទាំង៤ក្រុម លទ្ធផលឈ្នះដោយពិន្ទុ លេខ១ បានទៅលើក្រុម មហាជនខេត្តបន្ទាយមានជ័យ ។ លេខ២ បានទៅលេីក្រុម SCS មកពីរាជធានីភ្នំពេញ ,លេខ៣ បានទៅលើក្រុមសូហ្វីយ៉ាមកពីខេត្តប៉ៃលិន និងលេខ ៤ បានទៅលេីក្រុម VIP អង្គរមកពីខេត្តសៀមរាប។

នាពិធីបិទនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងដែលជាកីឡាករ១រូប ហើយក៏ជាអ្នករៀបចំនៃការប្រកួតពានរង្វាន់នេះ បានអោយដឹងថា : ការប្រកួតបាល់ទាត់មិត្តភាពកីឡាបាល់ទាត់អាយុ៣៥ឆ្នាំឡើង នេះគឺមានគោលបំណងសំខាន់ ៗ:
ទី១ -ដើម្បីបង្កើនចំណងមិត្តភាពរវាងកីឡាករនិងកីឡាករ ដែលមកពីខេត្តរាជធានី នីមួយៗ និងការផ្លាស់ប្តូរបទពិសោធពីគ្នាទៅវិញទៅមក, ទី-២ ដើម្បីលើកស្ទួយវិស័យកីឡាឱ្យរីកចម្រើនបន្ថែមទៀតក្រោមម្លប់សន្តិភាព, និងការអភិវឌ្ឍន៍ និងទី ៣ -ការលេងកីឡាដើម្បីទទួលបាននូវសុខភាពល្អ ព្រមជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានផ្ញើរសារទៅដល់យុវជន ក៏ដូចវ័យចំណាស់ឱ្យចូលរួមលេងកីឡាណាដែលខ្លួនពេញចិត្តនិងអាចលេងបានឱ្យបានច្រើន។ក្រៅពីការសិក្សា ធ្វើការ រកស៊ីនិងកិច្ចការងារផ្ទះ ពេលទំនេរ សូមចូលរួមលេងកីឡា ព្រោះកីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព កម្លាំងពលំល្អ។លោកក៏បានផ្តាំផ្ញេីរទៅដល់យុវជនត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានទាំងអស់គ្នាផងដែរ ។

ចុងក្រោយគណ:អធិបតីបានផ្តល់ពាន រង្វាន់និងថតរូបអនុស្សាវរីយ៍ជាមួយកីឡាករទាំង៤ក្រុម គឺជ័យលាភីលេខ១ បានទៅលើក្រុម មហាជនខេត្តបន្ទាយមានជ័យ ទទួលបានពានធំ១ មេដាយមាសម្នាក់ៗ១ និងថវិកា៣លានរៀល, ជ័យលាភីលេខ២ បានទៅលេីក្រុម SCS ភ្នំពេញ ទទួលបានពានមធ្យម ជ័យលាភី២ ទទួលបានមេដាយប្រាក់ម្នាក់មួយ និងថវិកា២លានរៀល ,ជ័យលាភីលេខ៣ បានទៅលើក្រុមសូហ្វីយ៉ាដែលមកពីខេត្តប៉ៃលិន ទទួលបានពានតូច១ និងថវិកា១,៥លានរៀល និងជ័យលាភីលេខ ៤ បានទៅលេីក្រុម VIP អង្គរខេត្តសៀមរាប ទទួលបានពានតូច១ និងថវិកា១,៥លានរៀល  ព្រមទាំងឧបត្ថម្ភ អាជ្ញាកណ្តាល ១លានរៀល និងអ្នកពាក់ព័ន្ធគាំទ្រការប្រកួតមួយចំនួនទៀត ៕