សន្ដិសុខសង្គម

បង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសថ្នាំញៀនជាង ១៧គីឡូក្រាម

ដោយ៖ សុខុម
ភ្នំពេញ៖ ផេកផ្លូវការរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៨មេសា២០២៤ បានបង្ហាញករណីបង្ក្រាបជនសង្ស័យចំនួន២នាក់ រឹបអូសថ្នាំញៀនមានទម្ងន់រហូតដល់ទៅជាង១៧គីឡូក្រាម កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឲ្យដឹងថា៖  ជនសង្ស័យខាងលើ មន្ត្រីបង្ក្រាបបានកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៦) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ហម គន្ធី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ប្រតិបត្តិការ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ០២គោលដៅ៖ គោលដៅទី០១ មុខខារ៉ាអូខេធូស៊ីសធើ (Two sister) ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងគោលដៅទី២ បន្ទប់ជួលលេខ១១ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

កម្លាំងជំនាញឃាត់ខ្លួនជនល្មើស២នាក់ ទី១៖ ឈ្មោះ គ្រុយ សុខផាត ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨១ និងទី២៖ ឈ្មោះ ក្រាយ ស្រីមុំ ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨២។ វត្ថុតាងចាប់យកបានរួមមាន៖ សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់១៥គីឡូ ១៩៤ក្រាម, សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA) ទម្ងន់១គីឡូ ៣៩៩.៩៦ក្រាម, សារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៥៥៤ក្រាម។ សារធាតុញៀនសរុបទម្ងន់ ១៧គីឡូ ១៤៧.៩៦ក្រាម និងសារធាតុមិនច្បាស់ ទម្ងន់ ៨៥២.៣១ ក្រាម។

បច្ចុប្បន្នជនល្មើសទាំង២នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវដើម្បីតាមរកមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត៕