កម្សាន្ដ

តាមគ្រឹះស្ថានសិក្សាបានរៀបចំសង្ក្រាន្តឆ្នាំថ្មី រួចឈប់សម្រាកវិស្សមកាលតូចរដូវក្តៅ

ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ ៖ តាមសាលារៀនសាធារណ:និងជាឯកជន មួយចំនួននៅឃុំ សង្កាត់នានានៃ៩ស្រុកក្រុងក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចនៅទូទាំងប្រទេស បានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ឆ្នាំរោងប្រពៃណីជាតិខ្មែរ រួចឈប់សម្រាកវិស្សមកាលតូចនារដូវក្តៅ ។

កម្មវិធីនេះត្រូវបានគណ:គ្រប់គ្រង បុគ្គលិកសិក្សា សិស្សានុសិស្ស និស្សិត សមាគមទ្រទ្រង់សាលារៀបចំធ្វើជាបន្តបន្ទាប់ពីម្តុំថ្ងៃទី០៥ដល់ថ្ងៃទី០៩ខែមេសាឆ្នាំ២០២៤ ។

សម្រាប់សាលារៀនចំណេះទូទៅសាធារណ:ត្រូវបានក្រសួងអប់រំ យុវជននិងកីឡាអោយសម្រាកវិស្សមកាលហៅវ៉ាកងតូចរយ:ពេល១៥ថ្ងៃពីថ្ងៃទី០៦ដល់២២ខែមេសាឆ្នាំ២០២៤ និងចូលរួមបុណ្យឆ្នាំថ្មីប្រពៃណីជាតិ។
ឯគ្រឹះស្ថានសិក្សាចំណេះទូទៅពីមត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ឧត្តមសិក្សាឯកជននានាក៏ត្រូវវិស្សមកាលតូចនារដូវក្តៅ តែមានរយ:ពេលតាមការកំណត់ជាក់ស្តែងចូលរួមបុណ្យឆ្នាំថ្មីប្រពៃណីជាតិផងដែរ ។

ហេតុនេះ នៅតាមគ្រឹះស្ថានសិក្សានានា ត្រូវរៀបចំតុបតែងលម្អដោយទង់ជាតិ ទង់ជ្វាលា ទង់សាសនា ក្រណាត់ វត្ថុលម្អ រៀបផ្កាភ្ញី ភ្លើង រោង ឆាក ខ្ចូស សរសេរ ឆ្លាក់អក្សរស្លាកដ៏គួរទាក់ទាញ សមសួន សមរម្យផងដែរដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំរោង ឆស័ក ពស ២៥៦៧ ជាឆ្នាំគម្រប់នេះមានរយ:ពេល៤ថ្ងៃ ពីថ្ងៃ៥កើតដល់៨កើតខែចេត្រ ត្រូវនឹងថ្ងៃទី១៣ដល់១៦ខែមេសា គស២០២៤ ។

ក្នុងនោះក៏មានចាត់ចែងអោយមានការលេងល្បែងប្រជាប្រិយ ប្រឡងចម្រៀង ការសម្តែងសិល្ប: របាំ ការច្រៀងនិងរាំកំសាន្ត រួមទាំងបាញ់ទឹកដើម្បីលេងកំសាន្តផងដែរ ។ដូចជានៅវិទ្យាល័យហ៊ុន សែនខ្លាកូននាវិថី៧មករាភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ បានរៀបចំនិងមានអ្នកកំសាន្តសប្បាយរាប់ពាន់នាក់កាលពីថ្ងៃទី០៦ខែមេសា ។ នៅវិទ្យាល័យបច្ចេកទេសវិជ្ជាជីវ:បន្ទាយឆ្មារ ឃុំបន្ទាយឆ្មារស្រុកថ្មពួក បានធ្វើពីថ្ងទី០៤ខែមេសា។
សាកលវិទ្យាល័យជាតិមានជ័យ នាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណបានរៀបចំធ្វើនៅថ្ងទី០៨ខែមេសានេះ ។វិទ្យាល័យសម្តេចឪ នាសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ បានធ្វើនៅថ្ងៃទី០៧ខែមេសា…ជាដើម ។

ក្នុងនោះដែរ នៅទីតាំងរៀបចំសង្ក្រាន្ត បើចាំបាច់ក៏មានដាក់ពង្រាយកម្លាំងប្រជាការពារ កម្លាំងនគរបាល កងរាជអាវុធហត្ថ កងទ័ពដើម្បីជួយថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយផងដែរ ។

ជារួមដំណើរការរៀបចំសង្ក្រាន្តឆ្នាំថ្មីតាមគ្រឹះស្ថានសិក្សាទាំងនោះបានប្រព្រឹត្តទៅរលូន បង្កើតបានក្តីសោមនស្ស បរិយាកាសរីករាយក្រោមម្លប់នៃសុខសន្តិភាព ការអភិវៃឌ្ឍន៍ដែលដឹកនាំដោយរាជរដ្ឋាភិបាលមានសម្តេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងដែលជាមរតកនៃសម្តេចតេជោហ៊ុន សែន អគ្គមគ្គុទេសក៍ ស្ថាបនិកសន្តិភាព នយោបាយឈ្នះ ឈ្នះ ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានិងជាប្រមុខគណបក្សប្រជាជនកម្ពុជាជាបក្សកាន់អំណាច ៕