សន្ដិសុខសង្គម

បង្ក្រាបគ្រឿងញៀននៅក្លិបកម្សាន្តថាំងហ៊ួយក្លិប-KTVរកឃេីញថ្នាំញៀនជិត៧គីឡូក្រាមឃាត់ខ្លួនមនុស្សជាង១០០នាក់

ដោយ:សុខុម
ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន
នៅថ្ងៃទី៦មេសា២០២៤បានបង្ហាញ ពីលទ្ធផល បង្ក្រាបគ្រឿងញៀន នៅក្លិបកម្សាន្ត ថាំងហ៊ួយក្លិប-KTVរកឃេីញថ្នាំញៀនជិត៧គីឡូក្រាម។
ផេកផ្លូវការរបស់ មន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាមន្ទីរប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្រ្កាបករណីករណីរក្សាទុក ជួញដូរ ចាត់ចែង សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្លិបកម្សាន្ត ថាំងហ៊ួយក្លិប-KTV រកឃើញថ្នាំញៀនប្រមាណ៧គីឡូក្រាម។


ជាមួយនោះផងដែរក៏បានបញ្ជូនជនសង្ស័យ ១៥នាក់ទៅតុលាការ។ ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ម៉ោង២៖០៥នាទី មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរ ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច៖ ក្លឹបកម្សាន្ត ថាំងហ៊ួយក្លឹប-KTV ស្ថិតនៅផ្ទះលេខ៦៧ ផ្លូវលេខ១០៣ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។


លទ្ធផលការបង្ក្រាបនេះ ឃាត់ខ្លួនមនុស្សសរុប១១១នាក់ (ស្រី៤២នាក់) ក្នុងនោះជនជាតិខ្មែរ ១៤នាក់(ស្រី៦នាក់), ជនជាតិចិន ៥៤នាក់(ស្រី៩នាក់) ជនជាតិវៀតណាម ៣៩នាក់ (ស្រី២៧នាក់) ជនជាតិកូរ៉េ ២នាក់ និងជនជាតិ ម៉ាឡេស៊ី ២នាក់។
ក្នុងចំណោមអ្នកដែលឃាត់ខ្លួន កម្លាំងជំនាញបានបញ្ជូនខ្លួនជនល្មើស១៥នាក់(ស្រី០៤នាក់) ទៅតុលាការ។ក្នុងនោះមានច្រើនជាចិន។
អ្នកពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន ចំនួន៣០នាក់ (ស្រី១៦នាក់), ជនជាតិខ្មែរ ០២ នាក់ (ស្រី២នាក់) បញ្ជូនទៅមជ្ឍមណ្ឌលព្យាបាល និង ស្តារនីតិសម្បទា, ជនជាតិចិន៥នាក់ (ស្រី១នាក់) បណ្តេញចេញពីប្រទេសកម្ពុជា, ជនជាតិវៀតណាម ២២នាក់ (ស្រី១៣នាក់) បណ្តេញចេញពីប្រទេសកម្ពុជា, ជនជាតិម៉ាឡេស៊ី ០១នាក់ បណ្តេញចេញពីប្រទេសកម្ពុជា, ក្នុងរង្វង់ប្រតិបត្តិការចំនួន៦៦នាក់ (ស្រី២២នាក់) រួមមាន អ្នកសម្អាត និងអ្នកដែលមិនពាក់ព័ន្ធគ្រឿងញៀន បានអប់រំត្រលប់ទៅវិញ។


វត្ថុតាងចាប់យកបាន៖ សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA) ទម្ងន់ ៤គីឡូ ៧២៥.២៥ក្រាម, សារធាតុញៀនប្រភេទ កេតាមីន(Ketamine) ទម្ងន់ ១គីឡូ៦៦៣.៣២ក្រាម។ សារធាតុញៀនសរុបទម្ងន់ ៦គីឡូ ៣៨៨.៥៧ក្រាម, កញ្ឆាក្រៀម ទម្ងន់ ១៦២,៩៤ ក្រាម និងសារធាតុមិនច្បាស់ ទម្ងន់ ៦២,៣៩ ក្រាម៕