ដោយ៖ គង់ហេង
កំពង់ចាម៖ តុលាការសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី ៥ មេសា បានសម្រេចចេញដីឃុំខ្លួន មេតុងទីនពីរនាក់ប្រពន្ធពីបទ«ឆបោក និងរំលោភទំនុកចិត្តមានស្ថានទម្ងន់ទោស» នូវទឹកប្រាក់ រាប់លានដុល្លារ ដែលបានប្រព្រឹត្តនៅផ្សារស្ពឺ ឃុំស្ពឺ ស្រុកចម្ការលើ ប្រយោជន៍ដើម្បីស៊ើបអង្កេត។
លោកវរសេនីយ៍ទោ សែន ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃកងរាជអាវុធហត្ថ ខេត្តកំពង់ចាមបានប្រាប់សារព័ត៌មានCambodia Flash News ( CFN) នៅថ្ងៃទី ៦ មេសានេះថា៖ នៅថ្ងៃទី ៥ មេសាម្សិលមិញ លោក រិទ្ធ វឌ្ឍនៈ ចៅក្រមស៊ើបអង្កេតសាលាដំបូង ខេត្តកំពង់ចាមបានសម្រេចចេញដីកាឃុំខ្លួនស្រ្តីជាប្រពន្ធឈ្មោះ សាន សុវណ្ណាលីស អាយុ ៣០ ឆ្នាំ និងបុរសជាប្តីឈ្មោះ ណេន ស៊ុនហេង អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចម្ការលើ ពីបទឆបោក និងរំលោភលើទំនុកចិត្ត មានស្ថានទម្ងន់ទោស ដាក់ពន្ធនាគារ។
គួររំលឹកថា កាលពីថ្ងៃទី ៣ មេសា អាជីវករលក់ដូរនៅផ្សារស្ពឺ ស្រុកចម្ការលើ រាប់រយនាក់បាននាំគ្នាដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាល ស្រុកចម្ការលើ ជាបន្តបន្ទាប់ ដោយបានចាញ់បោកប្រាក់សរុបរាប់លាន ដុល្លារ ជាមួយមេតុងទីន ឈ្មោះ សុវណ្ណាលីស នៅផ្សារស្ពឺ។
ក្រោយពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ចាមបានបញ្ជាឱ្យកម្លាំងជំនាញ សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនបានមេតុងទីន ពីរនាក់ ប្តីប្រពន្ធខាងលើ នៅចំណុចខុនដូ មួយកន្លែង ស្ថិតក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញនៅថ្ងៃទី ៣ មេសា តាមអំណាចដីការបស់លោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម៕