អន្តរជាតិ

អ៊ីស្រាអែលបង្កើតកម្មវិធីAI ជាសម្ងាត់ហៅថាប្រព័ន្ធ ‘Lavender’ សម្រាប់កំណត់គោលដៅវាយប្រហារក្រុមហាម៉ាស

ប្រែសម្រួល៖ ស-សម្បត្តិ

យោធាអ៊ីស្រាអែលត្រូវបានគេចោទថាបានលួចប្រើប្រាស់កម្មវិធី AI ជាសម្ងាត់មួយដែលមានឈ្មោះថា “Lavender” ដើម្បីកំណត់គោលដៅទម្លាក់គ្រាប់បែករាប់ពាន់គ្រាប់លើតំបន់ Gaza បើទោះបីជាបច្ចេកវិទ្យានេះមានអត្រាខុសឆ្គងជាង ១០% ក៏ដោយ នេះបើយោងតាមរបាយការណ៍ថ្មីមួយ។

យោងតាមរបាយការណ៍ដែលបានមកពីការការស៊ើបអង្កេតដែលចេញផ្សាយដោយទស្សនាវដ្តីដែលមានមូលដ្ឋាននៅអ៊ីស្រាអែលបានឲ្យដឹងថា ប្រព័ន្ធឃ្លាំមើលក្នុងស្រុកដ៏ធំបានកំណត់អត្តសញ្ញាណភេរវករដែលមានសក្តានុពលចំនួន ៣៧០០០ នាក់ដាក់នៅលើកំពូលតារាងគោលដៅសម្រាប់ការវាយប្រហារដែលជាធម្មតាមិនមែនជាការផ្តោតសំខាន់តែនៅលើបេសកកម្មទម្លាក់គ្រាប់បែកនោះទេ ។

កម្មវិធីនេះក៏ទទួលបានការត្រួតពិនិត្យតិចតួចណាស់ ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់ប្រាំមួយនាក់ដែលបានបម្រើការនៅក្នុងអំឡុងពេលសង្រ្គាមជាមួយក្រុមហាម៉ាស និងបានចូលរួមក្នុងកម្មវិធី AI សម្ងាត់បានបង្ហើបឲ្យដឹងអំពីការប្រើប្រាស់កម្មវិធី AI សម្ងាត់ហៅថា “Lavender” ។

ប្រភពពីរក៏បានប្រាប់ទស្សនាវដ្តីផងដែរថាយោធាអ៊ីស្រាអែល IDF បានទទួលស្គាល់នូវកំហុសបច្ចេកវិទ្យាដែលបានវាយប្រហារខុសគោលដៅទៅលើជនស៊ីវិលរហូតដល់បណ្តាលឲ្យស្លាប់មនុស្ស២០នាក់នៅក្នុងប្រតិបត្តិការមួយលើកៗដែលកម្មវិធី AI “Lavender”ជាអ្នកនាំមុខក្នុងការវាយប្រហារលើគោលដៅនានារបស់ក្រុមហាម៉ាសនៅតំបន់ Gaza ។

ប្រភពស៊ើបការណ៍បាននិយាយថា ជួនកាលការវាយប្រហារខុសគោលដៅបានរាលដាលដល់ជនស៊ីវិលជាង ១០០ នាក់ត្រូវបានសម្លាប់ដោយសារតែការតាមប្រមាញ់មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាសតែម្នាក់នោះ។

ប្រភពមួយបានប្រាប់ភ្នាក់ងារយកព័ត៌មានថា៖ “យើងបានគណនាលើទីតាំងជនស៊ីវិលដែលអាចត្រូវបានសម្លាប់ដោយសារតែត្រូវការតាមប្រមាញ់មេបញ្ជាការកងពលតូចម្នាក់ដូច្នេះហើយសួរថាតើនៅមានជនស៊ីវិលប៉ុន្មាននាក់ទៀតដែលត្រូវស្លាប់ជំនួសមេបញ្ជាការកងវរសេនាតូចតែម្នាក់នោះ។

ប្រភពមួយផ្សេងទៀតបានបន្ថែមថា៖ “ មានបទប្បញ្ញត្តិកំណត់ភារកិច្ចកងទ័ពក៏ប៉ុន្តែវាធូរលុងខ្លាំងណាស់យើងបានសម្លាប់មនុស្សអស់ជាច្រើននាក់ហើយ។ នេះជារឿងរ៉ាវដែលមិនធ្លាប់កើតមានកាលពីពេលមុនមកនោះទេ“ ។

យោធាអ៊ីស្រាអែលបានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងអំពីការប្រើប្រាស់កម្មវិធី AI សម្ងាត់។

យោធាអ៊ីស្រាអែលIDF បានប្រាប់ភ្នាក់ងារយកព័ត៌មាន Guardian នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាអ៊ីស្រាអែលIDF បដិសេធទាំងស្រុងនូវរាល់ការទាមទារទាក់ទងនឹងគោលនយោបាយណាមួយដើម្បីសម្លាប់មនុស្សរាប់ម៉ឺននាក់នៅក្នុងតំបន់ Gaza របស់ពួកគេ” ។

យោធាអ៊ីស្រាអែលបាននិយាយថា “Lavender” គឺ “គ្រាន់តែជាកម្មវិធី AI មូលដ្ឋានសម្រាប់ផ្ទុកទិន្នន័យដែលមានគោលដៅស៊ើបការណ៍សម្ងាត់ដើម្បីផលិតមាតិការព័ត៌មានទាន់ហេតុការណ៏ស្តីពីប្រតិបត្តិការយោធាក្នុងអង្គភាពកំចាត់ភេរវករ។

សេចក្តីថ្លែងការណ៍បានអះអាងថា “នេះមិនមែនជាបញ្ជីប្រតិបត្តិការយោធាដែលត្រូវបានបញ្ជាក់ថាមានសិទ្ធិប្រើប្រាស់វាសម្រាប់ការវាយប្រហារនោះទេ”។

“សម្រាប់គោលដៅនីមួយៗ នីតិវិធីរបស់ យោធាអ៊ីស្រាអែលIDFគឺតម្រូវឲ្យធ្វើការវាយតម្លៃអំពីអត្ថប្រយោជន៍យោធាដែលរំពឹងទុក និងការខូចខាតដែលត្រូវបានព្យាករណ៏ទុកជាមុន”។

យោធាអ៊ីស្រាអែលIDF បាននិយាយថា មន្រ្តីមានទំនួលខុសត្រូវក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន “ថាគោលដៅដែលបានកំណត់ត្រូវនឹងហេតុការណ៏ពាក់ព័ន្ធស្របតាមច្បាប់អន្តរជាតិ និងការរឹតបន្តឹងបន្ថែមដែលមានចែងក្នុងសេចក្តីណែនាំរបស់យោធាអ៊ីស្រាអែល IDF” ។

លោក John Kirby នាំពាក្យសន្តិសុខជាតិ បានប្រាប់ CNN កាលពីថ្ងៃព្រហស្បតិ៍ថា សេតវិមានកំពុងពិនិត្យមើលរបាយការណ៍ ដែលលោកបាននិយាយថា សហរដ្ឋអាមេរិកមិនទាន់បានផ្ទៀងផ្ទាត់នៅឡើយទេ៕