ដោយ៖សុខុម
រតនគិរី៖ សមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី៥មេសា២០២៤ថា កងកម្លាំងនគរបាលស្រុកបានចាប់ខ្លួនមេប៉ុស្ដិ៍នគរបាលព្រំដែនស្រុកអូរយ៉ាដាវម្នាក់ក្រោយជាប់សង្ស័យកាប់បុរសជនជាតិដើមភាគតិចម្នាក់ចំក្បាលបណ្ដាលឲ្យរងរបួសធ្ងន់។
ក្រោយពីចាប់ខ្លួនមេប៉ុស្តិ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសេវ សារឿន អាយុ២១ឆ្នាំជនជាតិចារាយ មុខរបរជាកសិករ មានទីលំនៅភូមិភិឃុំសេសាន ស្រុកអូរយ៉ាដា វខេត្តរតនគិរី។ រីឯជនសង្ស័យឈ្មោះធី សិទ្ធិ ភេទប្រុស អាយុ៣៧ឆ្នាំ ឋាន:ជាមេប៉ុស្ដិ៍នគរបាលច្រករបៀងព្រំដែនភូមិភិលេខ៥០៩ ចំណុះវរព្រំដែនលេខ៦២៣ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។
ដើមហេតុមានករណីខាងលើនេះកាលថ្ងៃទី២ខែមេសាឆ្នាំ២០២៤ជ នរងគ្រោះបានជិះម៉ូតូមួយគ្រឿងមកពីរើសគ្រាប់ស្វាយចន្ទីនៅចម្ការដើម្បីយកទៅលក់។ ពេលជិះម៉ូតូមកដល់កណ្ដាលផ្លូវ ម៉ូតូក៏អស់សាំង។ពេលនោះជនសង្ស័យឈ្មោះធី សិទ្ធិបានជិះម៉ូតូមកពីវរ:៦២៣ក្នុងសភាពស្រវឹងបានឈប់ម៉ូតូសួរនាំជនរងគ្រោះរួចយកកាំបិតផ្គាក់របស់ជនរងគ្រោះកាប់ទៅលើក្បាលជនរងគ្រោះវិញ១កាំបិតបណ្ដាលឲ្យរបួសធ្ងន់។
ក្រោយកាប់ជនរងគ្រោះរួចភ្លាមមេប៉ុស្តិ៍បានទៅប្រាប់ឲ្យកូនចៅម្នាក់ឈ្មោះហាក់ ធារ័ត្នទៅប្រមូលភស្ដុតាងយកមករក្សាទុកនៅប៉ុស្ដិ៍ភូមិភិ។ក្រោយមកទៀត ជនបង្កបានគេចខ្លួនបាត់មួយយប់ លុះដល់ថ្ងៃទី៣ខែមេសាឆ្នាំ២០២៤ កម្លាំងអធិការស្រុកអូរយ៉ាដាវនិងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្ត ចុះទៅនាំខ្លួនជនបង្កនោះយកមកធ្វើការសាកសួរនិងឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការស្រុកអូរយ៉ាដាវ។
លោកចៅ នាង ស្នងការរងនិងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានប្រាប់ឲ្យដឹងថាជនសង្ស័យឈ្មោះធីសិទ្ធិបច្ចុប្បន្នបានឃាត់ខ្លួននៅអធិការស្រុកអូរយ៉ាដាវដើម្បីបន្ដធ្វើការស្រាវជ្រាវនិងឈានទៅបង្កសំណុំរឿងបញ្ជូនទៅតុលាការបន្ដចាត់ការតាមនិតិវិធីច្បាប់៕