ដោយៈសិរីមតី
ភ្នំពេញ ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងនា ថ្ងៃទី០៥ មេសា ២០២៤ថារយៈពេល៣ខែឆ្នាំ២០២៤ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន១០៦គម្រោងដែលមានទុនវិនិយោគសរុបចំនួន២,២ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាង១០ម៉ឺន៧ពាន់កន្លែង ។
គម្រោងវិនិយោគដែលមានទីតាំងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៧៣គម្រោង ក្នុងនោះ មានគម្រោងពង្រីកផលិតកម្មចំនួន៣គម្រោង ដោយឡែកគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចមានចំនួន៣៣គម្រោង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន៣គម្រោង ។
ក្នុងរយៈពេល៣ខែដើមឆ្នាំ ២០២៤នេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ឃើញថាមានការកើនឡើងគម្រោងវិនិយោគចំនួន៦៧គម្រោង ខណៈទុនវិនិយោគមានការកើនជិត២ពាន់លានដុល្លារអាមេរិក ឬស្មើនឹងប្រមាណ៦៤៩ភាគរយ ។ ការកើនឡើងយ៉ាងគំហុកនេះគឺដោយសារវត្តមាននៃគម្រោងថ្មី នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យឧស្សាហកម្ម វិស័យទេសចរណ៍ និងគម្រោងពង្រីកផលិតកម្មនៃវិស័យឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ច ។
នៅក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានបង្ហាញពីគម្រោងធំៗមានទឹកប្រាក់វិនិយោគចាប់ពី១០០លានដុល្លារអាមេរិកឡើងទៅ ដែលត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តក្នុងត្រីមាសទី១ឆ្នាំ២០២៤នេះ រួមមាន ៖
១ -គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន២.៨៧០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ៥៧៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៣៨០០កន្លែង ។២-គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក អានុភាព ១៥០មេហ្កាវ៉ាត់ ដែលមានទីតាំងនៅស្ទឹងមេទឹក ស្រុកមណ្ឌលសីហា ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណជាង៤៤០លានដុល្លារអាមេរិក ។
៣- គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណជាង១០៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជាង១០០កន្លែង។
៤. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណជាង១០៧លានដុល្លារអាមេរិក ។
គួរបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤នេះ វិនិយោគិនកម្ពុជាជាអ្នកដាក់ទុនវិនិយោគច្រើនជាងគេ ដោយមានចំណែកប្រមាណ៥៨ភាគរយ បន្ទាប់មកមាន វិនិយោគិនចិន មានប្រមាណ៣៥,៣៤ភាគរយ សង្ហបុរីមាន៣,១៦ភាគរយ វៀតណាមមានប្រមាណ២,២៣ភាគរយ កូរ៉េ ០,៤៩ភាគរយ សហរដ្ឋអាមេរិក ០,៤៥ភាគរយ និងម៉ាឡេស៊ីមានចំណែកប្រមាណ០.២៨ភាគរយ ៕