ដោយ៖សុខុម
បន្ទាយមានជ័យ ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៥មេសា២០២៤ បានបង្ក្រាបទីតាំងខារ៉ាអូខេ និងក្លិបកម្សាន្ត២កន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីជិត២០០នាក់ នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រតិបត្តិការចុះបង្ក្រាបនោះធ្វើឡើងនៅទីតាំងខារ៉ាអូខេយីហោ B9.KTV និងក្លឹបម្សាន្តឡាំបូគីនី LAMBORGHINI ព្រមទាំងឃាត់ខ្លួនមនុស្សប្រុសស្រីរាប់រយនាក់ដើម្បីស្វែងអ្នកប្រើប្រាស់គ្រឿងញៀន។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលផែនគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា នៅពេលចុះបំពេញការងារនោះក៏មានការសម្របសម្រួលពីលោក កើត វ៉ាន់ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ, កម្លាំងស្នងការដ្ឋាននគរបាលខេត្តនិងក្រុងប៉ោយប៉ែត រួមសហការជាមួយកម្លាំងនគរបាលវរការពារព្រំដែនគោកលេខ៨៩១ បានចុះប្រតិបត្តិការបង្ក្រាប ទីតាំងទី១- ខារ៉ាអូខេយីហោ B9.KTV ឃាត់ខ្លួនមនុស្សប្រុស-ស្រី៥០នាក់ និងទីតាំងទី២-ក្លឹបកម្សាន្តឡាំបូគីនី LAMBORGHINI ឃាត់ខ្លួនមនុស្សប្រុស-ស្រី១២០នាក់។
ជាមួយនោះផងដែរលោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ក្រោយបង្ក្រាបហាងខារ៉ាអូរខេ និងក្លឹបកម្សាន្ត២កន្លែង ឃាត់ខ្លួនមនុស្សប្រុស.ស្រីជិត២០០នាក់ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនមានគោលបំណងធ្វើតេស្ត រកសារធាតុញៀន និងប្រើប្រាស់គ្រឿងញៀន ត្រូវអនុវត្តតាមនីតិវិធីនៃច្បាប់។
លោកបានបញ្ជាក់ថា ក្រុមការងារនគរបាលខេត្តនឹងបន្តធ្វើរហូត បើស្រាវជ្រាវរកឃើញមានហាងខារ៉ាអូខេ និងក្លឹបកម្សាន្តណាមួយមានលួចលាក់បង្កប់ការប្រើប្រាស់គ្រឿងញៀនត្រូវមានវិធានការតាមច្បាប់តែម្ដង ដើម្បីការពារទប់ស្កាត់បទល្មើសគ្រឿងញៀនមិនឱ្យកើតមាន និងការពារសន្តិសុខភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យមានសុខសន្តិភាព ៕