ដោយ៖ បន្ទាយ

បន្ទាយមានជ័យ ៖អាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដើម្បីអនុវត្តតាមនីតិវិធីហើយនៅព្រឹកថ្ងៃពុធទី០៣ ខែមេសា ឆ្នាំ ២០២៤ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា : មុនពេលបង្រា្កបករណីនេះ នៅវេលាកើតហេតុ នៅវេលាម៉ោង០០និង៣០នាទីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅចំណុចមុខកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ មានករណីចែកចាយគ្រឿងញៀន។
ដោយទទួលបានព័ត៌មានពីសន្តិសុខភ្លាម ម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់ចំណុចខាងលើ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងដកហូតវត្ថុតាង។
ជនសង្ស័យមានឈ្មោះ ឡាយ ណុក ហៅ ឆ្នុក ភេទប្រុស អាយុ ៤៣ឆ្នាំមុខរបរមិនពិតប្រាកដ គេឃើញម្តុំនៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
វត្ថុតាងចាប់យក រួមមាន៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន១៣៦៧គ្រាប់ ទម្ងន់ ១៣៨,៦ក្រាម, គ្រឿងញៀនប្រភេទក្រាមម្ស៉ៅពណ៌សថ្លា (ICE) ចំនួន ០២ថង់កិប ទម្ងន់ ៥,៦ក្រាម, គ្រឿងញៀនប្រភេទម្សៅម៉ដ្ឋពណ៌សថ្លា ចំនួន ០១ថង់កិប (កេតាមីន) ទម្ងន់ ៤៨,១ក្រាម, ទូរសព្ទ ចំនួន ០១គ្រឿង (ម៉ាកVIVO ពណ៌ទឹកសមុទ្រ), ខ្សែកលោហធាតុពណ៌លឿង មានបន្តោងចំនួន ០១។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ អោយដឹងបន្តថា:ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពដូចដែលសមត្ថកិច្ចចោទប្រកាន់ ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា : ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ៕
