ព័ត៌មានជាតិ

រាជរដ្ឋាភិបាលមិនតម្រូវឲ្យបង់អាករលើតម្លៃបន្ថែមចំពោះការទិញផលិតផលជាអាហារចាំបាច់

ដោយ៖ រតនា
ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការសម្រួលបន្ទុកចំណាយមួយចំនួន រដ្ឋនឹងទទួលបន្ទុកអាករលើតម្លៃបន្ថែមរហូតដល់ដំណាច់ឆ្នាំ២០២៨ ចំពោះការផ្គត់ផ្គង់ក្នុងស្រុកនូវអាហារជាមូលដ្ឋានដែលត្រូវប្រើប្រាស់ចំាបាច់ក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

អាហារជាមូលដ្ឋានសំដៅដល់បណ្តាមុខទំនិញមួយចំនួនដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃដូចជា៖១-សាច់សត្វចិញ្ចឹម មានជាអាទិ៍ សាច់គោ ក្របី ពពែ ចៀម ជ្រូក មាន់ ទា ទោះបីជាមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។២-ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីជាមានលក្ខណៈជាស៊ុតស្រស់ឬកែច្នៃតាមវិធីផ្អាប់ប្រឡាក់ ឬឆ្អើរ។៣-ត្រីទឹកសាបនិងទឹកប្រៃគ្រប់ប្រភេទ រួមទាំង បង្កង បង្គា កំពឹស ក្តាម និងសិប្បីជាតិគ្រប់ប្រភេទទោះបីជាមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃ តាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។៤-ស្ករគ្រប់ប្រភេទដែលមិនមានលក្ខណៈជាស្ករគ្រាប់។៥-អំបិលគ្រប់ប្រភេទ។៦-ទឹកត្រីនិងទឹកស៊ីអ៊ីវគ្រប់ប្រភេទ។

ចំពោះការចាត់ជាបន្ទុករដ្ឋនូវអាករលើតម្លៃបន្ថែមខាងលើនេះ មិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារដោយភោជនីយដ្ឋានឡើយ៕