សន្ដិសុខសង្គម

បុរសចិត្តសឿងសារភាពចម្លើយរឿងដុតម៉ូតូខ្លួនឯងចោលក្បែរវិមានឯករាជ្យខេត្តបាត់ដំបង

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ បុរសចិត្តសឿងវង្វេងស្មារតីសារភាពចម្លើយរឿងសុខៗជិះមូតូមកដុតចោលនៅក្បែររង្វង់មូលវិមានឯករាជ្យកណ្តាលបេះដូងក្រុងបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា÷ បុរសដែលដុតម៉ូតូរបស់ខ្លួនចោលដោយមិនបានដឹងពីមូលហេតុច្បាស់លាស់ ថ្មីៗនេះត្រូវកម្លាំងនគរបាលខេត្តស្រាវជ្រាវរកឃើញហើយ ថែមទាំងបាននាំខ្លួនមកសាកសួរផងដែរនៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

បុរសចិត្តសឿងខាងលើមានឈ្មោះផាន់ណា អាយុ ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ប្រភពជាក់លាក់ពីនគរបាលជំនាញដដែលបន្ថែមថា÷ តាមចម្លើយសារភាពរបស់បុរសដែលទំនងជាបែកថ្នាំនេះបញ្ជាក់ថា មូលហេតុដែលខ្លួនបានលះបង់ដុតម៉ូតូខ្លួនឯងចោលនេះដោយសារមានគេផ្ញើសារតាមហ្វេសប៊ុកប្រាប់ឲ្យគាត់ដុតម៉ូតូរបស់ខ្លួនដើម្បីជាតង្វាយថ្វាយដល់បារមីនៃវិមានឯករាជ្យដែលទើបកសាងថ្មី ទើបគាត់សម្រេចចិត្តធ្វើបែបហ្នឹង។

គួររម្លឹកថា÷ ករណីដុតម៉ូតូដោយទំនើងចិត្តខុសច្បាប់នេះបានកង្កការភ្ញាក់ផ្អើលដល់សាធារណជនទូទៅយ៉ាងផុលផុសនៅវេលាម៉ោងជាង ១០ព្រឹក ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ម្សិលមិញ ឋិតនៅចំណុចជិតវិមានឯករាជ្យ ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ប៉ុន្តែមិនបង្ករបួសស្នាមដល់អ្នកធ្វើដំណើរលើដងផ្លូវឡើយ៕