សន្ដិសុខសង្គម

ចាប់ខ្លួនមេតុងទីនពីរនាក់ប្ដីប្រពន្ធប្រមូលលុយរាប់លានដុល្លារប្រុងរត់ទៅក្រៅប្រទេស

ដោយ៖ សុខុម
ភ្នំពេញ ៖ សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី៤មេសា២០២៤ថា កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធក្រោយពីប្រមូលលុយតុងទីនរាប់លានដុល្លារនៅខេត្តកំពង់ចាមហើយទៅរស់នៅខុនដូមួយក្នុងរាជធានីភ្នំពេញ។

ដំណើររឿងនេះកើតឡើងក្រោយពីកូនតុងទីនរាប់រយនាក់ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច។

កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរកមេទុងទីនពីរនាក់ប្ដីប្រពន្ធឃើញពេលពួកគេកំពុងតែសម្ងំលាក់ខ្លួននៅខុនដូមួយកន្លែង។ ពីរនាក់ប្តីប្រពន្ធនេះរងការចោទប្រកាន់ថាជាប់ពាក់ព័ន្ធឆបោកលុយកូនតុងទីនរហូតដល់រាប់លានដុល្លារឯណោះនៅផ្សារស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។

លោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា កាលពីថ្ងៃទី៣ មេសា ២០២៤ បងប្អូនអាជីវករលក់ដូរនៅផ្សារស្ពឺស្រុកចំការលើ រាប់រយនាក់បានចាញ់បោកមេតុងទីនឈ្មោះសុវណ្ណាលីស។ អាជីវករជាច្រើននាក់បាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកចំការលើជាហូរហែ ។
ដោយទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រីសោ សាវឿន មេបញ្ជាការកងរាជអាវុធ​ហត្ថខេត្ត បានឱ្យកម្លាំងមន្ត្រីក្រោមឱវាទចុះស្រាវជ្រាវជាបន្ទាន់ ដើម្បីតាមចាប់ខ្លួនមេតុងទីនដែលជាប់ពាក់ព័ន្ធករណីឆបោកលុយរាប់លានដុល្លារ ។

កម្លាំងជំនាញចុះធ្វើការ​ស្រាវជ្រាវករណីលេងតុងទីនតាមអនឡាញដែលមេតុងទីនជំពាក់កូនតុងទីនជាច្រើននាក់រាប់រយម៉ឺនក្បាល សរុបទឹកប្រាក់ជាច្រើនលានដុល្លារ ហើយរត់គេចខ្លួនបាត់ ។

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាមបានចុះពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅចំណុចខុនដូមួយកន្លែងនៅបឹងទំពុន ស្ថិតនៅក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនឃាត់ខ្លួនឈ្មោះ សាន សុវណ្ណាលីស ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ណេង ស៊ុនហេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ។

ការឃាត់ខ្លួននេះសមត្ថកិច្ចធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សេង រិទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងខេត្តកំពង់ចាម ដែលមានលេខ០២ និងលេខ០៣ អ.យ.ជ/២០២៤ចុះ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត និងឆបោក (តុងទីនតាមអនឡាញ) ។

នៅថ្ងៃទី៤មេសា កម្លាំងជំនាញបានបញ្ជូនជនសង្ស័យខាងលើ មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថានៅ ពេលចាប់ខ្លួនទាំងពីរនាក់ប្ដីប្រពន្ធនេះ មិនឃើញមានលុយជាប់នឹងខ្លួននោះទេ ហើយខុនដូដែលនៅលាក់ខ្លួននោះជាកម្មសិទ្ធិរបស់អ្នកផ្សេង មិនមានឈ្មោះពីរនាក់ប្ដីប្រពន្ធនេះឡើយ។

ប្រភពខ្លះថា ពីរនាក់ប្ដីប្រពន្ធនេះបានធ្វើលិខិតឆ្លងដែនរួចរាល់និងត្រៀមគេចខ្លួនចេញទៅក្រៅប្រទេស។

ក្រោយពីឃាត់ខ្លួន កម្លាំងអាវុធហត្ថបានបញ្ជូនមកសាលាដំបូងខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធីច្បាប់៕