សន្ដិសុខសង្គម

បុរសម្នាក់បានដុតម៉ូតូខ្លួនឯងចោលក្បែរវិមានឯករាជ្យនៅតែជាចម្ងល់មិនទាន់ដឹងមូលហេតុ

ដោយ: ព្រះអង្គខ្មៅ

បាត់ដំបង÷ បុរសវ័យស្របាល ៤០ឆ្នាំម្នាក់បានចាក់សាំងដុតម៉ូតូខ្លួនឯងចោល ក្បែររង្វង់មូលវិមានឯករាជ្យក្រុងបាត់ដំបង បង្កការភ្ញាក់ផ្អើលនិងងឿងឆ្ងល់យ៉ាងខ្លាំងពីសាធារណជន នៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។

ប្រភពពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា÷ ករណីបង្កហេតុដោយដុតម៉ូតូរបស់ខ្លួនឯងនេះបានកង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង ១០ព្រឹក ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ ឋិតនៅចំណុចក្បែរវិមានឯករាជ្យ ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពខាងលើបន្តថា÷ ដំបូងគាត់បានឃើញបុរសម្នាក់វ័យប្រមាណជា ៤០ឆ្នាំ ស្លៀកពាក់ខោអាវកីឡា បានជិះម៉ូតូម៉ាកហ្សូម័រ (Zoomer ) ពណ៌ ស មួយគ្រឿងមិនស្គាល់ផ្លាកលេខ ភ្លាមៗបានឈប់ចតម៉ូតូនិងទាញដបសាំងដែលត្រៀមទុកចំនួន ២ ទៅ ៣ដបរួចចាក់ស្រោចទៅលើម៉ូតូរបស់ខ្លួន និងបានដុតឆេះយ៉ាងសន្ធោសន្ធៅហើយក៏បានចាកចេញបាត់ពីកន្លែងកើតហេតុតែម្តង។ ករណីដដែលនេះប្រភពមួយចំនួនបានសន្និដ្ឋានថា អាចដោយសារខឹងជាមួយនឹងកម្លាំងនគរបាលផាកពិន័យករណីអត់ពាក់មួកសុវត្ថិភាព។

ករណីកម្រនេះសមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ពន្លត់គ្រប់គ្រងភ្លើងឆេះភ្លាមៗដែរ ប៉ុន្តែទោះបីជាយ៉ាងណាម៉ូតូខាងលើបានឆាបឆេះអស់ទាំងស្រុងបាត់ទៅហើយ ចំពោះមុខសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវហើយជុំវិញករណីនេះ៕