សន្ដិសុខសង្គម

បញ្ជូនអភិបាលរងស្រុកម្នាក់និងប្រជាពលរដ្ឋ២នាក់ទៅតុលាការពាក់ព័ន្ធដីព្រៃបឹងទន្លេសាប

ដោយ៖ សុខុម
កំពង់ឆ្នាំង៖ បើតាមលោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយប្រាប់អ្នកសារព័ត៌មានCambodia Flash News (CFN)  នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ថា អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនមនុស្សចំនួន៣នាក់។ក្នុងនោះមានអភិបាលរងស្រុកកំពង់លែងម្នាក់ ឈ្មោះ ពុំ សុផល និង ប្រជាពលរដ្ឋឈ្មោះ លឹម ដានីន ,ឈ្មោះ ជួន តុំ ដើម្បីសាកសួរករណីឈូសឆាយយកព្រៃលិចទឹកជុំវិញបឹងទន្លេសាបទំហំ៤ហិកតា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។

អ្នកនាំពាក្យ បានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការស៊ើបអង្កេត ប្រមូលភស្តុតាង ស្តាប់ចម្លើយជនសង្ស័យ និងសាក្សី សរុប១៥នាក់រួចមក ទើបឈានទៅឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៣មេសានេះ។

ជនសង្ស័យទាំងបីនាក់ ពាក់ពន្ធ័បទល្មើសចំនួនពីរ គឺបញ្ញត្តិមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ អំពីបទល្មើសបំផ្លាញ និងគៃបំបាត់និង បញ្ញត្តិមាត្រា៩៨ ចំណុចទី១ នៃច្បាប់ស្តីពីជលផល។

លោក សយ ច័ន្ទវិចិត្ត បាននិយាយទៀតថា ជនសង្ស័យទាំង៣នាក់ បានប្រើប្រាស់ឧបាយកលមួយចំនួនដូចជា ការធ្វើលិខិតទិញលក់ ដែលធាតុពិតដីនេះមិនមានការអាស្រ័យផលដំណាំអ្វីឡើយ។ពួកគេគ្រាន់តែបានលិខិតទិញលក់ភ្លាម ពួកគេបានដាក់ត្រាក់ទ័រចំនួន៥គ្រឿង ចូលឈូសឆាយតែម្តង ដោយក្នុងគោលបំណងធ្វើការឈួសឆាយឲ្យបានរួចរាល់ក្នុងរយៈពេលតែមួយថ្ងៃក្នុងតំបន់មានព្រៃលិចទឹកទំហំធំៗ។ដំបូងឈូសឆាយបានត្រឹមទំហំ៤ហិកតា នៃផ្ទៃដី៩ហិកតា។

អ្នកនាំពាក្យបានបញ្ជាក់បន្ថែមទៀតថា ឈ្មោះ ជួន តុំ និង ឈ្មោះ លឹម ដានីន ជាអ្នកប្រព្រឹត្តផ្ទាល់ ដោយមានការសម្របសម្រួលឲ្យមានការឈូស ឆាយ កាប់ឆ្ការដីព្រៃលិចទឹកនេះនៅចំណុចតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ដោយឡែកឈ្មោះ ពុំ សុផល យោងតាមច្បាប់មាត្រា២៩ និយមន័យនៃអ្នកសមគំនិត៕