ដោយ:សុខុម
កំពត ៖ អ្នកលក់ទឹកត្នោតម្នាក់ដែលអ្នកស្រុកកំពង់ត្រាចស្គាល់នោះបានប្រទះឃើញដេកស្លាប់នៅព្រឹកថ្ងៃទី២មេសា២០២៤ ក្បែរតូប មានទាំងស្នាមក្បាលត្រូវគេវាយបែកទៀតផង។
ក្រោយពីមានរឿងនេះ សមត្ថកិច្ចចុះទៅពិនិត្យស្វែងរកមូលហេតុដែលនាំឲ្យស្រ្តីនោះបាត់បង់ជីវិត។
សមត្ថកិច្ចបាននិយាយថា ជនរងគ្រោះឈ្មោះ កែម ញ៉ាញ់ អាយុ៥៤ឆ្នាំ មុខរបរលក់ទឹកត្នោតនៅលើខ្នងប្រឡាយទឹកឡឥដ្ឋ ក្នុងភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាចខេត្តកំពត។
សមត្ថកិច្ចស្រាវជ្រាវបឋមក្រៅពីក្បាលជនរងគ្រោះត្រូវជនល្មើសវាយបែកហើយកាបូបមានប្រាក់ជាង៣លានរៀលក៏បាត់ដែរ ។
គ្រូពេទ្យនិងនគរបាលស្រុកកំពង់ត្រាចពិនិត្យឃើញថា ស្ត្រីរងគ្រោះមានស្នាមរបួស២កន្លែងនៅក្បាល និងដួលស្លាប់នៅក្រោមដើមត្នោតក្បែរកន្លែងគាត់លក់ទឹកត្នោត ។
ចំណែកប្ដីសពបានអះអាងថា នៅព្រឹកថ្ងៃកើតហេតុនោះ រូបគាត់បានជិះម៉ូតូទៅទិញកាហ្វេផឹកឆ្ងាយពីកន្លែងប្រពន្ធលក់ទឹកត្នោតពុំបានដឹងរឿងនេះឡើយ។
លោកវរសេនីយ៍ឯក សេង សុគន្ធ អធិការនគរបាលស្រុកកំពង់ត្រាច បាននិយាយថា ករណីនេះជារឿងឃាតកម្មឬគំនុំមិនទាន់ដឹងនៅឡើយ។នៅពេលនេះសមត្ថកិច្ចផ្នែកជំនាញកំពុងស៊ើបអង្កេតរកតម្រុយដើម្បីឈានទៅដល់ចាប់ខ្លួនឃាតកពិតផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះនិងដាក់ទោសតាមច្បាប់៕