ដោយ៖ ព្រះអង្គខ្មៅ
បាត់ដំបង÷ ពលករខ្មែរជាង ៦០០០នាក់បានសម្រុកចាកចេញពីទឹកដីប្រទេសថៃចូលមកកាន់ស្រុកកំណើតកាត់តាមច្រកអន្តរជាតិដូង ត្រៀមចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ។
តាមការលើកឡើងរបស់លោក ខុង យ៉ាត់លួង ប្រធានទីស្នាក់ការច្រកទ្វារអន្តរជាតិដូង បានឲ្យដឹងនៅថ្ងៃទី ២ ខែមេសានេះថា÷ ពលករខ្មែរចាប់ផ្តើមសម្រុកចេញពីប្រទេសថៃឆ្លងកាត់តាមច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ជាបណ្តើរៗ និងមានចំនួនច្រើន គិតចាប់តាំងពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៤ ពលករខ្មែរមានចំនួន ៦២៩៩ នាក់ ក្នុងនោះពលករស្រី ១៧៣៧នាក់ និងកុមារត្រូវជាកូនៗរបស់ពលករសរុបចំនួន ២៩៥ នាក់។
ក្រៅពីតួលេខពលករខ្មែរដែលសម្រុកចាកចេញពីប្រទេសថៃជាហូរហែខាងលើនេះក៏រួមមានភ្ញៀវទេសចរមួយចំនួនផងដែរ មានចំនួន ៦៤២នាក់ ស្រីចំនួន ៣២១នាក់។
ប្រធានទីស្នាក់ការច្រកទ្វារអន្តរជាតិដូង ភូមិសាស្ត្រតំបន់ព្រំដែនខេត្តបាត់ដំបង បានបន្តថា÷ ការវិលត្រឡប់ចូលមកស្រុកកំណើតរបស់ពលករខ្មែរនៅថ្ងៃទី ០២ ខែមេសានេះនៅតែបន្តការចាកចេញ ប៉ុន្តែហាក់មានចំនួនថយចុះបើធៀបនឹងរយ:ពេល ០២ថ្ងៃខាងដើម៕