កីឡា

Fun Mini Marathon ចូលរួមលើកស្ទួយវិស័យកីឡា យកថវិកាជួយមន្ទីរពេទ្យកុមារអង្គរ

ដោយៈសិរីមតី
ភ្នំពេញ ៖ សភាយុវពាណិជ្ជករអន្តរជាតិ សាខាច្បារអំពៅ នាពេលថ្មីៗនេះបានរៀបចំកម្មវិធី Fun Mini Marathon ដែលប្រព្រឹត្តទៅ នៅទីតាំងសួនអេកូផាក ស្ថិតក្នុងបរិវេណបុរីប៉េងហួត (បឹងស្នោ ) ក្នុងគម្រោងដឹស្តា ផ្លាទីនីម អេកូ ខូលិកសិន។

ការរត់នេះមានចម្ងាយផ្លូវ ៤ គីឡូម៉ែត្រ ៦គីឡូម៉ែត្រ និង ១០ គីឡូម៉ែត្រ និងមានអ្នកចូលរួមប្រមាណ២៤០នាក់។

កម្មវិធី Fun Mini Marathon នេះមានគោលបំណង ចូលរួមលើកស្ទួយវិស័យកីឡានិង លើកកម្ពស់សុខុមាលភាព ដូច្នេះសភាយុវពាណិជ្ជករអន្តរជាតិ សាខាច្បារអំពៅ បានផ្ដួចផ្ដើមគំនិតបង្កើតកម្មវិធីនេះ ដើម្បីពង្រឹងស្មារតីកីឡា , រត់ដើម្បីមិត្តភាព , ភាតរភាព និង សាមគ្គីភាព ព្រមទាំងសប្បុរសធម៌ ជាចំណែកមួយជួយទៅកាន់មន្ទីរពេទ្យកុមារអង្គរ។

ទន្ទឹមនឹងនេះ ក្នុងកម្មវិធីរត់ម៉ារ៉ាតុង ក៏មានការដាក់បង្ហាញផលិតផលក្នុងស្រុក និងសេវាកម្មតាមស្តង់ផងដែរ៕