កីឡា

យុទ្ធនាការជិះកង់ចាប់ផ្តើមជាមួយពាក្យថា«៧០០គីឡូម៉ែត្រដើម្បីមន្ទីរពេទ្យគន្ធបុប្ផា»

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា យុទ្ធនាការជិះកង់បានចាប់ផ្តើមជាមួយពាក្យថា «៧០០ គីឡូម៉ែត្រ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា» គឺជិះ ឬធាក់កង់ ១០០ គីម៉ែត្រក្នុងមួយក្រុម​ពោល គឺទាំងប្រាំពីរក្រុម ក្រុមណាសកម្មលើសគេនឹងទទួលបានរង្វាន់ពីលោកនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់។

នៅខាងមុខសាលាខេត្ត និងនៅចំពោះមុខវត្តមានក្បួនក្រុមអ្នកជិះកង់សរុបប្រមាណ ២០០ នាក់មកពីក្រុមយុវជនកាកបាទក្រហម, ក្រុមកាយរិទ្ធ,ក្រុម ស.ស.យ.ក.,សិស្សានុសិស្ស និងក្រុមយុវជនមកពីបណ្តាស្ថាប័ននានា បែងចែកជា ប្រាំពីរក្រុម នៅមុនចេញដំណើរតាមគោលដៅនាព្រឹកថ្ងៃទី ១ មេសានេះ លោកអភិបាលខេត្តកំពង់ចាមបានថ្លែងថា៖ គោលបំណង នៃការបង្កើតព្រឹត្តិការណ៍ជិះកង់នេះឡើង គឺមិនត្រឹមតែប្រមូលមូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផាប៉ុណ្ណោះទេ គឺគោលបំណងចាំបាច់ បណ្តុះគំនិតប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មានទឹកចិត្តស្រឡាញ់មន្ទីរពេទ្យគន្ធបុប្ផា ចូលរួមគាំទ្រសកម្មភាពមនុស្សធម៌ តាមរយៈមន្ទីរពេទ្យមួយនេះ។

លោក អ៊ុន ចាន់ដា បានថ្លែងបន្តថា៖ ជាពិសេសមន្ទីរពេទ្យគន្ធបុប្ផាបានផ្តល់ជាសំខាន់ក្នុងការជួយក្មេងៗ កុមារទាំងឡាយឱ្យជាសះស្បើយពីជំងឺ ដោយគ្រូពេទ្យបានជួយព្យាបាល សង្រ្គោះ ដោយប្រើវិធីសាស្រ្ត វិទ្យាសាស្រ្តទំនើប និងគ្រូពេទ្យមានវិជ្ជាជីវៈច្បាស់លាស់ អាជីពត្រឹមត្រូវ ដូច្នេះហើយទើបទាមទារឱ្យមានការចំណាយខ្ពស់៕