ដោយ :បន្ទាយ
បន្ទាយមានជ័យ៖មន្ត្រីអាជ្ញាធរខេត្តបន្ទាយមានជ័យបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យប្រព័ន្ធធរាសាស្គ្រនៃគម្រោងកាត់បន្ថយគ្រោះទឹកជំនន់ប៉ែកខាងលិចខេត្តបន្ទាយមានជ័យអនុវត្តបានជិត៤០ភាគរយនៃផែនការ។
លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានអោយដឹងថ្ងៃទី២៩ខែមីនាឆ្នាំ២០២៤ ថា៖នៅឆ្នាំ២០២៤នេះខេត្តបន្ទាយមានជ័យបានធ្វើការជួសជុលអាងចំនួន៣កន្លែង ៖
១.-អាងទឹកអូរវាំងហែងមានទំនប់អាងប្រវែង៦,២៣គីឡូម៉ែត្រ ផ្ទៃអាងទំហំ៤៥៦,៨ហិកតា បរិមាណទឹក៧.៩០០.០០០ម៉ែត្រគុប អាចស្រោចស្រពផ្ទៃដីស្រូវវស្សា២៦០០ហិកតា និងស្រូវប្រាំង២២០ហិកតា។ ២-.អាងទឹកពង្រមានទំនប់អាងប្រវែង៧,០១គីឡូម៉ែត្រ អាងមានទំហំ៣៤០ហិកតា បរិមាណទឹក៦.៩០០.០០០ម៉ែត្រគុប អាចស្រោចស្រពស្រូវវស្សាបាន២៥៧០ហិកតា ស្រូវប្រាំង២២០ហិកតា និង៣-.អាងកន្សែងមានទំនប់ប្រវែង៧,១២០គីឡូម៉ែត្រ អាងមានទំហំ៨៣០ហិកតា បរិមាណទឹក២២.៨០០.០០០ម៉ែត្រគុប ស្រោចស្រពស្រូវវស្សា៦៣៦០ហិកតា ស្រូវប្រាំង១៣១០ហិកតា។
លោកបានបន្តថា៖ កសាងប្រឡាយមេរំដោះទឹកនិងស្រោចស្រពវិស័យកសិកម្មមានប្រវែង៨៧,៦គីឡូម៉ែត្រ និងចាក់បេតុងប្រវែង៤០,១៨០គីឡូម៉ែត្រ មាត់ប្រឡាយ៤០ម៉ែត្រ បាតប្រឡាយ២២ម៉ែត្រ។សរុបរួមទទឹងប្រឡាយនិងខ្នងភ្លឺសងខាងមានប្រវែង៧០ម៉ែត្រ។កសាងសំណង់សិល្បការឬសំណង់ស្ទាក់ទឹកមានចំនួន២០៧កន្លែង និងគម្រោងស្តាអូរប្រឡាយក្តាន់ប្រវែង៦៥០០ម៉ែត្រនិងសំណង់សិល្បការរឺសំណង់ស្ទាក់ទឹក១៦កន្លែង។
ចំណែកមន្ត្រីអាជ្ញាធរថា៖ការចុះពិនិត្យវឌ្ឍន៍ភាពការងារគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធរាសាស្គ្រជួសជុលកសាងអាងចំនួន៣កន្លែង និងកសាងប្រឡាយមេ និងស្តាប្រឡាយ នៅខេត្តបន្ទាយមានជ័យត្រូវបានកសាងបានប្រមាណ៣៩,៤៩ភាគរយ ហើយគម្រោងកសាងនេះ នៅពេលរួចវានឹងជួយកាត់បន្ថយទឹកជំនន់និងក៏បម្រើតម្រូវលើវិស័យកសិកម្មនៅប៉ែកខាងលិចខេត្តបន្ទាយមានជ័យ ក៏ដូចជានៅប៉ែកខាងត្បូងខេត្ត ៕