ព័ត៌មានជាតិ

វត្តបឹងស្នាយក្រុងកំពង់ចាមមានសមទ្ធិផលតម្លៃជាងមួយលានដុល្លារបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ដោយ៖ គង់ហេង
កំពង់ចាម៖ វត្តខេមវ័នបឹងស្នាយ ដែលមានផ្ទៃដីទំហំជាង ១១ម៉ឺនមែត្រការ៉េ ស្ថិតក្នុងក្រុងកំពង់ចាម បច្ចុប្បន្នកសាងបានសមទ្ធិផលជាច្រើនមានតម្លៃជាង មួយលាន ដុល្លារអាមេរិក បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៧ មីនា។ នេះបើតាមការថ្លែងឱ្យដឹងរបស់លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម។

លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ ក្នុងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តខេមវ័នបឹងស្នាយ ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាមតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ទៀតថា៖ ដោយសារបច្ច័យសាងសង់ឧបដ្ឋានសាលានេះ បានមកពីកម្លាំងមហាសាមគ្គីរបស់ថ្នាក់ដឹកនាំ ពុទ្ធបរិស័ទ និងសប្បុរសជនានា ពិសេសក្នុងនាមរដ្ឋបាល ខេត្តកំពង់ចាម រូបលោក និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានផ្តួចផ្តើមរៀបចំបុណ្យកឋិនទានសាមគ្គី នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ទទួល បានបច្ច័យបាន ចំនួន ៧៩.៨០០ដុល្លារ សម្រាប់ជួយបញ្ចប់ការសាងសង់ឧបដ្ឋានសាលានេះ។ ក្រៅពីនេះ ពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត ដែលបានចូលរួមឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ក្នុងការ កសាងសមិទ្ធផលនានានៅក្នុងទីអារាមនេះ ដោយចំណាយថវិកាសរុប ចំនួន១.១៦៩.៥០១ ដុល្លារអាមេរិក៕