សន្ដិសុខសង្គម

ឈូសឆាយរំលោភយកដីតំបន់ហាមឃាត់ សមត្ថកិច្ចនាំខ្លួនបុរស២នាក់

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង៖ ករណីប៉ះពាល់ឈូសឆាយរំលោភយកដីតំបន់ហាមឃាត់ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង សមត្ថកិច្ចចុះនាំខ្លួនបុរសចំនួន ២នាក់អនុវត្តវិធានការច្បាប់។

អធិការនគរបាលស្រុកថ្មគោល លោកវរសេនីយ៍ទោ សេង លុច បានបញ្ជាក់ឲ្យដឹង​​ថា÷ ករណីខាងលើ ផ្នែកជំនាញនៃអធិការដ្ឋានស្រុកថ្មគោល នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤នេះបានបង្វែរសំណុំរឿង និងប្រគល់ជនបង្កទាំង ២នាក់ឲ្យទៅខាងរដ្ឋបាលជលផលបន្តដើម្បីអនុវត្តទៅតាមនីតិវិធី។

នគរបាលការិយាល័យជំនាញខេត្តបាត់ដំបងបានឲ្យដឹងដែរថា÷ កាលពីថ្ងៃទី ២៥ ខែមីនា ថ្មីៗនេះជនបង្កទាំង ២នាក់បានសម្ងំនាំយកនូវត្រាក់ទ័រចំនួន ២គ្រឿង និងកំពុងឈូសឆាយដីព្រៃនៅចំណុចព្រំប្រទល់តំបន់ ២ ជាប់ព្រំប្រទល់ដីតំបន់ ៣ ដែលជាតំបន់ត្រូវហាមឃាត់ ស្របពេលដែលកម្លាំងក្រុមប្រតិបត្តិការទប់ស្កាត់បង្ក្រាបបទល្មើសនេសាទក្នុងតំបន់ទន្លេសាបគោលដៅស្រុកថ្មគោល ចុះល្បាតនៅចំណុចបង្គោលព្រំតំបន់ ៣ បង្គោលលេខ ៣០២ និង៣០៨ បានប្រទះឃើញក៏សុំគោលការណ៍នាំខ្លួនតែម្តង។

បុរសទាំង ២នាក់មានឈ្មោះសាំង សែន  អាយុ ៣៣ ឆ្នាំ រស់នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ខណ្ឌសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកបើកត្រាក់ទ័រ បើកឱ្យម្ចាស់ឈ្មោះ ក្តាម និង ម្នាក់ទៀតឈ្មោះ កុយ ភារម្យ ភេទប្រុស អាយុ ២៣ ឆ្នាំមានទីលំនៅភូមិផ្លិតជ្រុំ ឃុំក្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាអ្នកបើកត្រាក់ទ័រ បើកឱ្យម្ចាស់ត្រាក់ទ័រឈ្មោះ តាកុយ។

ករណីដដែលនេះកម្លាំងបង្ក្រាបដកហូតវត្ថុតាងរួមមាន៖ ត្រាក់ទ័រ ២គ្រឿងយកមករក្សាទុកអធិការដ្ឋាននគរបាលស្រុកថ្មគោល៕