ដោយ៖ សុខុម
ភ្នំពេញ ៖ បុរសបីនាក់ជិះម៉ូតូឌុបគ្នាចេញពីកន្លែងផឹកស៊ីទៅបន្ទប់ជួល ប៉ុន្តែពេលកំពុងធ្វើដំណើរតាមដងផ្លូវក៏ស្រាប់តែមានរថយន្តធំចំណុះ៥តោនបើកមកពីក្រោយស្របគ្នាយ៉ាងលឿនកៀរម៉ូតូដួលទៅនឹងថ្នល់។រំពេចនោះបុរសម្នាក់ត្រូវរថយន្តកិនស្លាប់នៅនឹងកន្លែង។រីឯបុរសពីរនាក់ទៀតរួចផុតពីគ្រោះថ្នាក់។
គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះបានកើតឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ ចំណុចរង្វង់មូលស្ពានអាកាសចោមចៅ ស្ថិតលើផ្លូវជាតិលេខ៤ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានបញ្ជាក់នៅក្រោយហេតុការណ៍ថា សពជនរងគ្រោះមានឈ្មោះជំនោរ អាយុជាង៣០ ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្ដុំវត្តស្ងួនពេជ្រ ខណ្ឌកំបូល ជាកម្មករលើកអីវ៉ាន់ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។
មិត្តភក្តិជនរងគ្រោះដែលជិះម៉ូតូជាមួយគ្នាបាននិយាយឲ្យដឹងថា៖ ពួកគេចេញពីធ្វើការ ហើយឆ្លៀតផឹកស៊ីតិចតួចជុំគ្នានៅម្តុំផ្លូវវេងស្រេង ។ពេលផឹករួចក៏បានជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ុគីឡែត ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ1HM-0092 ជិះឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីត្បូងមកជើង រួចក៏ជិះតាមស្ពានអាកាសចោមចៅឡើងតាមផ្លូវជាតិលេខ ៤វិញគោលបំណងត្រឡប់ទៅបន្ទប់ជួលនៅម្ដុំវត្តស្ងួតពេជ្រ ក្នុងខណ្ឌកំបូល ។ពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿងមិនចាំផ្លាកលេខ បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នាយ៉ាងលឿន ក៏បានកៀរម៉ូតូបណ្តាលឲ្យដួល ជនរងគ្រោះដែលអង្គុយក្រោយត្រូវរថយន្តកិនចំក្បាលបែកខួរ មើលលែងយល់ស្លាប់យ៉ាងអាណោចអាធ័ម។
រថយន្តបង្កព្យាយាមបើករត់កាត់តាមបណ្ដោយផ្លូវជាតិលេខ ៤ រហូតដល់តំបន់សេដ្ឋកិច្ចពិសេសខណ្ឌកំបូល ត្រូវបានសមត្ថកិច្ចតាមឃាត់បាន។ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់ធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕