សេដ្ឋកិច្ច

តើអាជីវម្មតូចតាចដែលមានផលកម្រិតមុខរបរក្រោម២៥០លានរៀល តម្រូវឲ្យបង់ពន្ធអាករទេ?

ដោយ ៖ ស-សម្បត្តិ

ភ្នំពេញ៖ លោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់នៅក្នុងកម្មវិធី«ពន្ធដារកម្ពុជា»ដែលផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផេកផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីពេលថ្មីៗនេះថា ចំពោះអាជីវកម្មតូចតាច ដែលមានផលកម្រិតមុខរបរក្រោម ២៥០លានរៀល រាជរដ្ឋាភិបាលកម្ពុជា គឺមិនតម្រូវឲ្យបង់ពន្ធអាករទេ។

លោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ

លោកបណ្ឌិត អេង រតនា បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលជានិច្ចកាល តែងតែបានយកចិត្តទុកដាក់ខ្ពស់និងជួយគាំទ្រដល់អាជីវកម្មតូចតាច ដែលមានកម្រិតផលរបរក្រោម ២៥០លានរៀល (ក្រោមផលរបរអ្នកជាប់ពន្ធតូច) ដែលភាគច្រើនគឺជាអាជីវកម្មមានលក្ខណគ្រួសាររបស់ប្រជាពលរដ្ឋ ពោលគឺអាជីវកម្មទាំងនេះមិនតម្រូវឲ្យបង់ពន្ធអាករអ្វីនោះឡើយ។

លោកបណ្ឌិតបានបញ្ជាក់ទៀតថា ជាមួយគ្នានេះ ចំពោះអាជីវកម្មដែលមានកម្រិតផលរបរចាប់ពី ២៥០លានរៀលឡើងទៅ ត្រូវមានកាតព្វកិច្ចចុះបញ្ជីជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសនៅរដ្ឋបាលសារពើពន្ធ ដោយត្រូវបានកំណត់ បែងចែកជាអ្នកជាប់ពន្ធតូច អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ផ្អែកលើផលរបរ ទ្រព្យសកម្មនិងទ្រង់ទ្រាយគតិយុត្តជាដើម។ បន្ទាប់ពីទទួលបានការអនុញ្ញាតឲ្យចុះបញ្ជី ជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស អ្នកជាប់ពន្ធមានកាតព្វកិច្ចកាន់ កត់ត្រាបញ្ជីគណនេយ្យ ដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធអាករ ប្រចាំខែនិងប្រចាំឆ្នាំ ជូនដំណឹងមករដ្ឋបាលសារពើពន្ធនៅពេលដែលមានការផ្លាស់ប្តូរព័ត៌មានសហគ្រាសព្រមទាំងកាតព្វកិច្ចសារពើពន្ធផ្សេងទៀតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។

លោកបណ្ឌិត អេង រតនា ក៏បានបញ្ជាក់ឲ្យដឹងទៀតថា អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវទទួលខុសត្រូវចំពោះការគណនាប្រកាសនិងបង់ប្រាក់ពន្ធអាករផ្សេងៗ ដោយខ្លួនឯង ប្រកបដោយ ភាពស្មោះត្រង់ ក្នុងករណីរដ្ឋបាលសារពើពន្ធ រកឃើញពីការធ្វេសប្រហែស ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធតាមយន្តការសវនកម្ម អ្នកជាប់ពន្ធត្រូវប្រឈមនឹងទណ្ឌកម្មរដ្ឋបាល ដែលមានពន្ធបន្ថែមនិងការប្រាក់ជាដើម៕