ព័ត៌មានជាតិ

គម្រោងហូកានៅតែបន្តជួយបណ្តុះបណ្តាលជំនាញវគ្គចុងភៅ

ដោយ៖ សុខុម

ស្ទឹងត្រែង៖ដើម្បីទទួលបានជំនាញចុងភៅ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបន្តបើកវគ្គបណ្ដុះបណ្ដាលខ្លីដល់សិក្ខាកាមលើជំនាញចុងភៅ។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ ហើយបានបញ្ចប់នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤។ជំនួសមុខឱ្យឯកឧត្តមអភិបាលខេត្ត ឯកឧត្ដម ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង និងលោកអ៊ន់ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្ត បានចុះទៅសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យដើម្បីបិទបញ្ចប់។វគ្គបណ្តុះបណ្តាលខាងលើ មានសិក្ខាកាមជាម្ចាស់អាហារដ្ឋាន និងសមាជិកសហគមន៍ ចំនួន ១៤រូប ស្រី ១០រូប។

បណ្ដុះបណ្ដាលផ្តោតជាសំខាន់លើទ្រឹស្តី  និងគន្លឹះសំខាន់ៗក្នុងផែ្នកចង្រ្កាន ដូចជា៖របៀបចម្អិនមុខម្ហូបនីមួយៗ,ការចម្អិនម្ហូបដោយប្រើរូបមន្តត្រឹមត្រូវ(ការវាល់ ថ្លឹង…),ការរៀបចំតុបតែងលើចានម្ហូប,ការសន្សំសំចៃ,អនាម័យ និងសុវត្ថិភាពចំណីអាហារ,ការបង្កើត និងរៀបចំរូបមន្តឱ្យត្រឹមត្រូវតាមស្តង់ដា,ការគិតគូរពីបរិស្ថាន (ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិច និងការគ្រប់គ្រងកាកសំណល់ផ្ទះបាយ)។

ចំពោះការអនុវត្តចម្អិនម្ហូប វគ្គបណ្តុះបណ្តាលបានចម្អិនម្ហូប ដូចជា៖ ញាំគ្រឿងសមុទ្រជាមួយសាច់ជ្រូកបីជាន់,  មីសួរបំពង, ឡាបសាច់ជ្រូក,សម្លម្ជូរសាច់គោស្លឹកថ្នឹង,ឡុកឡាក់សាច់គោ,ញ៉ាំសាច់មាន់ត្រយ៉ូងចេក,ហហ្មុក,ឆ្អឹងជំនីអាំងទឹកជ្រលក់រំដេង,អូម៉ាលែត,សង់ខ្យារល្ពៅ។

រយៈពេល ០៣ថ្ងៃនេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់ កម្មវិធីហូកា នៃគម្រោងអភិវឌ្ឍន៍ជំនាញ-Hoka of the Skill Development Programme នៃក្រសួងទេសចរណ៍ Ministry of Tourism, Cambodia មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង និងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខនថាក់-Swisscontact ៕