កីឡា

បិទការប្រកួតកីឡាបាល់ទាត់ឆ្នាំសិក្សា២០២៣-២៤ របស់ UME -BMC Cup  នៅបន្ទាយមានជ័យ

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ ៖នៅទីលានស្មៅធម្មជាតិនៃសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យរបស់សហព័ន្ធកីឡាបាល់ទាត់ នាវិទ្យាល័យហ៊ុន សែនខ្លាកូន ក្រុងសិរីសោភ័ណ នាល្ងាចថ្ងៃទី២៣ខែមីនាឆ្នាំ២០២៤ កន្លងមកនេះ មានការប្រកួត២ប្រកួតចុងក្រោយដើម្បីបិទការប្រកួតកីឡាបាល់ទាត់ឆ្នាំសិក្សា២០២៣-២៤ របស់ UME -BMC Cup  សាខាខេត្តបន្ទាយមានជ័យ ។

មាននិស្សិតសិស្សជាច្រើនក្នុងនាមជាអ្នកគាំទ្រកីឡា(Fan)បានចូលរួមអង្គុយលើទីអង្គុយនៃកីឡដ្ឋានសាងសង់ថ្មីដោយក្រសួងអប់រំ យុវជននិងកីឡាជូនទីលានបាល់ទាត់នៅវិទ្យាល័យហ៊ុន សែនខ្លាកូន ។

ក្នុងនោះ មាន៖ ១-ការប្រកួតបាល់ទាត់កិត្តិយស មិត្តភាព សាមគ្គីភាពនិងវីអាយភី(VIP) បាល់ទាត់មហាជន ដែលចូលរួមទាត់ផងដែរពីកីឡាករមិនអាជីព ជាថ្នាក់ដឹកនាំដូចជាលោកកើត សុវណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត,លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត  និងមន្ត្រីអាជ្ញាធរដែនដី សមត្ថកិច្ច កងកម្លាំងនៅក្នុងខេត្តមួយចំនួន។

២-ការប្រកួតរបស់ក្លឹបនានានៃកីឡាបាល់ទាត់បុរស ដែលមានកីឡាករអាជីពនិងមិនអាជីពជាសាស្ត្រាចារ្យ បុគ្គលិក និស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME-BMC )  ពោលគឺដើម្បីដណ្តើមពានរង្វាន់ UME -BMC Cup   ។

លោកបណ្ឌិត ណង ថា សាកលវិទ្យាធិការរងសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចនិ(UME) ងជានាយកសាខាប្រចាំខេត្តបន្ទាយមានជ័យបានអោយដឹងថា: កីឡាបាល់ទាត់បុរសប្រចាំគ្រឹះស្ថានសិក្សាឯកជនមួយនេះបានប្រកួត១៥លើកមកហើយ ដោយបង្កើតវាដំបូងនៅឆ្នាំសិក្សា២០០៧-០៨ ដែលក្លឹបបានដូរឈ្មោះបន្តបន្ទាប់ ។

សម្រាប់ឆ្នាំសិក្សា២០២៣-២៤ នេះ  ជាព្រឹត្តការណ៍លើកទី១៦ មានកីឡាករ៨ក្លឹប : ដែលពូលA មាន ១-ក្លឹបបាយ័នFC  ២-ក្លឹបស្តេចនាគ ៣-ក្លឹបឥន្ទីយ៍ដែរ ៤-ក្លឹបរាជសីហ៍ និងពូលB មាន១-ក្លឹបហង្សរាជ ២-ក្លឹបអធិរាជវាលស្មៅ ៣-ក្លឹបHeros United និង៤-ក្លឹបSuper Stars ។

ការប្រកួតរយ:ពេល២ខែ រៀងរាល់ថ្ងៃសុក្រ សៅរ៍ អាទិត្យពីថ្ងៃទី១៩ខែមករាឆ្នាំ២០២៤ ចាប់ពីម៉ោង៥និង៣០នាទីល្ងាចតទៅ នៅមកទល់២៣ខែមីនាឆ្នាំ២០២៤ នៅទីលានបាល់ទាត់ស្មៅសិប្បនិម្មិតនៃវិទ្យាល័យសម្តេចឪ និង៤ប្រកួតចុងក្រោយនៅទីលានស្មៅធម្មជាតិនៃសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យរបស់សហព័ន្ធកីឡាបាល់ទាត់ នាវិទ្យាល័យហ៊ុន សែនខ្លាកូន ក្រុងសិរីសោភ័ណ ។

ជាលទ្ធផល ក្រុមកីឡាករមហាជន កិត្តិយសនិងVIP មហាជន គឺក្រុមសម្លៀកបំពាក់ពណ៌ទឹកក្រូចឈ្នះក្រុមសម្លៀកពណ៌ខៀវ ។

រីឯកីឡាបាល់ទាត់បុរស ដែលមានកីឡាករអាជីពនិងមិនអាជីពជាសាស្ត្រាចារ្យ បុគ្គលិក និស្សិតនៃសាកលវិទ្យាល័យ   លទ្ធផល : លេខ១ បានទៅក្លឹបបាយ័នFC ដែលឈ្នះក្លឹបហង្សរាជ លេខ២ ដោយពិន្ទុ ៥-០ និងលេខ២ លេខ៣ …បានទៅក្លឹបបន្តបន្ទាប់ទៀត ។

លោកណង ថា បានបន្តថា : សាកលវិទ្យាល័យUME ខេត្តបន្ទាយមានជ័យក៏បានបង្កើតក្រុមកីឡាករបាល់ទាត់បុរសប្រចាំគ្រឹះស្ថានសម្រាប់សម្រា់បចូលរួមប្រកួតដណ្តើមពានរង្វាន់ក្រខ័ណ្ឌឧត្តមសិក្សានិងផ្សេងៗ ។ជាពិសេស បង្កើតក្រុមបាល់ទាត់បុគ្គលិកនិងសាស្ត្រាចារ្យដើម្បីចូលរួមប្រកួតនិងបង្កើនចំណងមិត្តភាពជាមួយស្ថាប័ន គ្រឹះស្ថាននិងវិទ្យាល័យនានាក្នុងខេត្តផងដែរ ។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា:តាមរបាយការណ៍ ការប្រកួតរយ:ពេល២ខែមកនេះ គឺប្អូនៗ ក្មួយៗកីឡាករទាំងឡាយបានចូលរួមប្រកួតដោយគោរពនូវបទបញ្ជាផ្ទៃក្នុងរបស់គណ:កម្មការបច្ចេកទេសឬប្រកួតដោយមនសិការវិជ្ជជីវ:នៃស្មារតីជាអ្នកកីឡា គោរពគោលការណ៍យុត្តិធម៌នៃការប្រកួត ឈរលើស្មារតីទទួលខុសត្រូវនិងគោរពគ្នាទៅវិញទៅមក ។ពោលគឺការប្រកួតដែលនាំមកនូវសាមគ្គីភាពនិងមិត្តភាព (Fair Play and Friendship )។

លោកអ៊ុំ រាត្រី អភិបាលខេត្តបានបន្តថា : ក្នុងនាមរដ្ឋបាលខេត្ត ហើយដើម្បីលើកទឹកចិត្តយុវជនអោយចូលរួមលេងកីឡា លោកបានផ្តល់ទស្សនាទានមួយចំនួនដូចជា ៖ទី១-ប្អូនៗ ក្មូយៗនិងកីឡាករទាំងអស់ដែលទទួលជ័យលាភីសូមខិតខំបន្តការហ្វឹកហាត់បន្ថែម។ទី២-ក្រៅពីលេងកីឡា ត្រូវខិតខំយកចិត្តទុកដាក់ការសិក្សាទៅតាមជំនាញរបស់ខ្លួន។ទី៣-ត្រូវចៀសវាងអោយផុតពីគ្រឿងញៀន ។ ទី៤-ការបើកបរត្រូវគោរពច្បាប់ចរាចរណ៍ ទី៥-សូមជួយអប់រំមិត្តមួយចំនួនតូចអោយលះបង់នូវអបាយមុខ បញ្ឈប់នូវអំពើក្មេងទំនើង ល្បែងស៊ីសង ដើម្បីភូមិឃុំមានសុវត្ថិភាព ។

ចុងក្រោយ គណៈ:អធិបតីបានផ្តល់ដល់ក្រុមកីឡករនិងម្ចាស់ក្រុមនូវទង់ជ័យលាភី  វត្ថុរង្វាន់មានស្បែកជើងមាសដល់កីឡាករឆ្នើមទាត់បញ្ចូលទី ស្រោមដៃមាសដល់កីឡាករចាំទី ពានរង្វាន់ដល់ជ័យលាភីលេខ១និងថវិកាអមតាមលំដាប់លេខពី៩០ម៉ឺនដល់១,៥លានរៀលដែលរបស់ទាំងនេះបានរៀបចំដោយម្ចាស់អ្នករៀបចំគឺសាកលវិទ្យាល័យខាងលើនិងក្នុងនោះ ក៏មានថវិការង្វាន់បន្ថែម១ក្លឹប១០០ដុល្លាអាមេរិក ពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យផងដែរ ។

ក្នុងឱកាសនោះលោកអភិបាលខេត្តបានបង្ហើបអោយដឹងថា : លោកឧត្តមសេនីយ៍ទោបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដែលលោកនិងសប្បុរសជនតាមរយ:លោក ក្នុងនាមលោកនាយឧត្តមសេនីយ៍សៅ សុខា ប្រធានសហព័ន្ធ   ជាអ្នកសាងសង់ទីលានស្មៅធម្មជាតិសាលាតម្រង់ទិសនៃសហព័ន្ធកីឡាបាល់ទាត់នៅក្នុងបរិវេណវិទ្យាល័យហ៊ុន សែនខ្លាកូន លោកនឹងជួយឧបត្ថម្ភកៅអីបំពាក់លើទីអង្គុយនៃកីឡដ្ឋានដែលសាងសង់ថ្មីដោយក្រសួងអប់រំ យុវជនជននិងកីឡានេះផងដែរ ៕