សន្ដិសុខសង្គម

ចាប់បញ្ជូនជនសង្ស័យ២នាក់ ករណីប្រើល្បិចទិញស្រាបៀរមិនឲ្យលុយ

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ ៖ ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ  កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែមីនា  ឆ្នាំ ២០២៤នេះ  ដើម្បីអនុវត្តតាមនីតិវិធី។

លោកវរសេនីយ៍ត្រី  សុខ  ឡេង មមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណអោយដឹងថា:  កាលពីវេលាម៉ោង១៧ និង៥៥នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤  កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក បានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ៖

១.ឈ្មោះខា យូ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។២.ឈ្មោះ  ហ៉ិន លីណា ភេទប្រុស អាយុ៣៨ ឆ្នាំ  រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី លួចស្រាបៀរ។

ប៉ុន្តែមុខសញ្ញានេះក៏ជាប់ពាក់ព័ន្ធការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ ដែលប្រព្រឹត្តកាលពីថ្ងៃទី០៧ខែមីនា និងថ្ងៃទី២១  ខែមីនា  ឆ្នាំ២០២៤ នៅក្នុងក្រុងសិរីសោភ័ណ។

លោកបានបន្តថា : ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន០២នាក់ ៖ ១.ឈ្មោះ  វិត សីហា ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។២.ឈ្មោះ  ខន សុរដ្ឋណែត ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

វត្ថុតាងរួមមាន ៖១. រថយន្ត១គ្រឿងម៉ាក TOYOTA HIGH LANDER ពណ៌មាស ផលិតឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ2AK-9342 ដែលជារបស់ជនសង្ស័យជិះធ្វើសកម្មភាព,  ២.ស្រាបៀរ  ABC  ចំនួន០៣កេស, ៣.ស្រាបៀរហ្គេនស្បឺក  ចំនួន០១កេស(ប្រគល់ឱ្យជនរងគ្រោះវិញ),  ៤.ទូរសព្ទម៉ាកTECNOSPARK ចំនួន០១គ្រឿង,  ៥.ម្សៅក្រាមពណ៌សថ្លាចំនួន០១កូនថង់កិប។

លោកវរសេនីយ៍ត្រី  សុខ  ឡេង មេបញ្ជាការ បានឱ្យដឹងបន្ថែមទៀតថា  ក្នុងពាក្យបណ្ដឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា នៅវេលាម៉ោង១៤ និង៥០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានជនសង្ស័យចំនួន០២នាក់ បានប្រើល្បិច ដោយចូលទៅកម្មង់ទិញស្រាបៀរពីជនរងគ្រោះជាច្រើនកេស ហើយជនរងគ្រោះលើកស្រាបៀរដាក់លើរថយន្តរួច ស្រាប់តែជនសង្ស័យបើករថយន្តគេចខ្លួនតែម្តង។

លោកវរសេនីយត្រី សុខ ឡេង បានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួន  និងសួរចម្លៀយ ជនសង្ស័យ ទាំង២នាក់ បានឆ្លើយសារភាពថា  ខ្លួនពិតជាបានយកស្រាបៀរដោយមិនបានឱ្យបា្រក់ពិតប្រាកដមែន ហើយកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ពួកខ្លួនក៏បានប្រើល្បិចទិញស្រាបៀរអ្នកភូមិចំនួន០៨កេស ហើយបានជិះរថយន្តគេចខ្លួនម្ដងដែរ។

លោកវរសេនីយ៍ត្រី សុខ  ឡេង បានបញ្ជាក់ទៀតថា កម្លាំងជំនាញធ្វើតេស្ដរកសារធាតុញៀនឃើញថាជនសង្ស័យទាំង២នាក់ក៏វិជ្ជមានផងដែរ។

លោកវរសេនីយ៍ឯក ម៉ែន  ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា  ការបង្រ្កាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ៕