ព័ត៌មានជាតិ

ផ្សព្វផ្សាយតាមសហគមន៍ស្តីពីការគាំពារ មាតា ទារក និងកុមារ អនាម័យ បរិស្ថាន និងគ្រោះមហន្តរាយធម្មជាតិ

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ ដើម្បីស្វែងយល់ពីសុខភាព ការបម្រែបម្រួលអាកាសធាតុនិងគន្លឹះនៃការការពារក្រុមអន្តរាយធម្មជាតិផ្សេងៗ ដែលកំពុងកើតមានឡើងលើប្រទេសកម្ពុជាយើង នៅថ្ងៃទី២០- ២២ខែមីនា ឆ្នាំ២០២៤ មន្ត្រីសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានសហការជាមួយអាជ្ញាធរភូមិ ឃុំ បានចុះអប់រំផ្សព្វផ្សាយ យល់ដឹងស្តីពី ការគាំពារមាតាទារក និងកុមារ អនាម័យ ទឹកស្អាត បរិស្ថាន ដើម្បីសហគមន៍មានសុខភាពល្អ ទាំងមានភាពធន់ ទៅនឹងអាកាសធាតុ ការកាត់បន្ថយថង់ប្លាស្ទិក ពិសេសស្ត្រីមានផ្ទៃពោះនិងស្ត្រីក្នុងវ័យបន្តពូជ មានចំនួន ៨៥នាក់ ដែលមកពី ៤ភូមិ ក្នុងឃុំបត់ត្រង់ស្រុក មង្គលបូរី។

លោកស្រី សុខ លាភា អនុប្រធានប្រតិបត្តិសាខាកាកបាទក្រហមខេត្តខេត្តបន្ទាយមានជ័យបានឲ្យដឹងថា : សកម្មភាពនៃការអប់រំផ្សព្វផ្សាយតាមសហគមន៍របស់បងប្អូនប្រជាពលរដ្ឋ ដែលក្នុងនោះជាស្ត្រីចូលរួម ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ដែលបានស្វែងយល់អំពីការគាំពារមាតា ទារក កុមារ ស្ត្រីមានផ្ទៃពោះនិងស្ត្រី ក្នុងវ័យបន្តពូជ។

ជាងនេះទៀតសោត ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ ដូចមានទិសស្លោកមួយថា រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។

លោកស្រីបានបន្តថា : ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិ ប្រាំពីរនេះនឹងនាំទៅដល់ការទទួលបានសេវាថែទាំសុខភាពនិងការព្យាបាលប្រកបដោយគុណភាព។
ជាពិសេសសេវាថែទាំសុខភាពមាតាទារកនិងកុមារ នៅកម្ពុជា ៕