ដោយ៖សុខុម
សៀមរាប ៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាបនៅថ្ងៃទី២៤មីនា២០២៤ បានឃាត់ខ្លួនប្តីប្រពន្ធ២នាក់ក្រោយស.ម្លាប់ ក្មេងអាយុ២២ខែរួចយកទៅកប់ក្បែរផ្ទះ។
សមត្ថកិច្ចបានឲ្យដឹងនៅក្រោយហេតុការណ៍កើតឡើងថា កម្លាំងនគរបាលជំនាញស្រុក ស្វាយលើ បានឃាត់ខ្លួនប្តីប្រពន្ធ២នាក់ពាក់ព័ន្ធករណីស.ម្លាប់កូន(ចុង)អាយុជិត ២ ឆ្នាំ រួចយកទៅកប់នៅក្រោយផ្ទះជិតបង្គន់អនាម័យបំបិទភស្តុតាង។ប៉ុន្តែត្រូវពលរដ្ឋដឹង ក៏រាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ យិន សុខលីន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតភូមិព្រៃទទឹងឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលមកស្នាក់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប និងឈ្មោះ ហាក់ ហៃ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរកសិករ ទីកន្លែងកំណើតភូមិត្រាចពក ឃុំពពេល ស្រុកសូទ្រនិគម ខេត្តខេត្តសៀមរាប បច្ចុប្បន្នរស់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ការឃាត់ខ្លួននេះគឺក្រោយមានឃាតកម្មកាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។
មុនពេលកើតហេតុ ឈ្មោះ ហាក់ ហៃ ភេទស្រី អាយុ ២៨ឆ្នាំ មានកូនប្រុសឈ្មោះ ផ្លាវ សុចិត្រា អាយុ ២២ ខែ រស់នៅក្នុងបន្ទុក ជាមួយនឹងឈ្មោះ យិន សុខលីនជាប្តីទី៤និងជាឪពុកចុង។ប្តីប្រពន្ធនេះប្រកបមុខរបរស៊ីឈ្នួលដាំដំឡូង និងបេះគ្រាប់ស្វាយចន្ទី។ នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ អ្នករស់នៅជិតខាងបានឮកុមារាឈ្មោះផ្លាវ សុចិត្រា ស្រែកយំខ្លាំងចេញពីក្នុងផ្ទះ។ លុះរំលងបានមួយថ្ងៃ បាត់កុមារាមិនឃើញរត់លេងដូចរាល់ដង។ ដោយមានការសង្ស័យ អ្នករស់នៅជិតខាងបានប្តឹងរាយការណ៍ ដល់សមត្ថកិច្ចនគរបាលស្រុកស្វាយលើចុះស៊ើបសួរនិងឃាត់ខ្លួនតែម្តង។
តាមការស្តាប់ចម្លើយរបស់ឈ្មោះ ហាក់ ហៃ សារភាពថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ខ្លួនរួមរស់ជាឈ្មោះ យិន សុខលីន (ប្តីទី៤) ដំបូងឡើយប្តីមិនដែលបង្ហាញពីអារម្មណ៍ស្អប់ខ្ពើមកូនចុងឈ្មោះ ផ្លាវ សុចិត្រា ទេ។ទើបតែមួយរយៈចុងក្រោយនេះ ដោយសារឃើញរូបខ្លួនឆាតជាមួយឈ្មោះ ប៉ាត ផ្លាវ (ប្តីទី៣) ទើបគេមានការខឹងសម្បាហើយប្រើហិង្សាលើកុមារារងគ្រោះជាបន្តបន្ទាប់។
នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ឈ្មោះ យិន សុខលីន បានប្រើដៃម្ខាង (ដៃឆ្វេង) ចាប់ដៃខាងឆ្វេងកូនលើកយួរផុតពីកម្រាល (ដោយមិនបានត្រកងពីផ្នែកខាងក្រោម) ទេ ទៅដាក់លើភួយ នៅជ្រុងខាងត្បូង។ ពេលនោះកូនក៏ភ្ញាក់ស្រែកយំ ប្តីបាននិយាយថា “អាត្រាស្ងាត់ កុំមាត់ ឆាប់ដេក” ប៉ុន្តែកូននៅតែបន្តយំ ទើបប្តីស្ទុះទៅវាយដើមទ្រូងកូនចំនួន ០១ដៃ ដោយប្រើដៃខាងស្តាំ។ បន្ទាប់មកកូនស្រែកយំរឹតតែខ្លាំង ហើយគេបានយកដៃស្តាំច្របាច់.ក។ ចំណែកដៃឆ្វេង ខ្ទប់មាត់ និងច្រមុះបានប្រហែល ២០វិនាទី ទើបដកដៃទាំងពីរចេញ។ បន្ទាប់មកយកដៃឆ្វេងចាប់លើកជើងកូន ខាងឆ្វេង ដាក់ក្បាលចុះក្រោមទល់នឹងខ្នើយ ហើយគេវាយដោយក្តាប់ដៃខាងស្តាំ ចំត្រង់ស្លាបប្រជៀវខាងឆ្វេង ចំនួន ០១ដៃ ហើយទាញកន្ត្រាក់បោះទៅលើកម្រាលនិងវាយចំផ្នែកក្បាល,ត្រចៀកផ្នែកខាងឆ្វេងចំនួន១ដៃទៀត។ ភ្លាមនោះកូនក៏ប្រកាច់ក្បាលឡើងលើដកចង្កាមាន់ ហើយគេបានយកភួយទៅដណ្តប់ឱ្យកូន។
ស្ត្រីជាប្រពន្ធនិយាយទៀតថា រូបខ្លួនពិតជាបានឃើញសកម្មភាពដូចបានរៀបរាប់ខាងលើពិតមែន ប៉ុន្តែមិនហ៊ានចូលទៅហាមឃាត់ប្តីដោយខ្លាចគេវាយធ្វើបាប ឬកាប់ស.ម្លាប់ ពីព្រោះគេមានដាវសាំម៉ូរៃ ១ដើម រក្សាទុកនៅលើធ្នើរដាក់ចានឆ្នាំងក្បែរដៃគេតែម្តង។
បន្ទាប់ពីធ្វើសកម្មភាពខាងលើរួចហើយ ប្តីបាននាំខ្លួនចូលដេកដោយនិយាយថា កូនវាមិនអីទេ។ លុះម៉ោង៤ ទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ទើបដឹងថា កូនបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ បន្ទាប់មកខ្លួនបានយកកូនទៅងូតទឹកសម្អាតខ្លួន ហើយពាក់ខោអាវឲ្យកូន។ពេលនោះប្តី (ឈ្មោះ យិន សុខលីន) បានលើកដៃសំពះ និងនិយាយអង្វរថា “កុំប្តឹងប៉ូលិសអី គេមិនចង់ជាប់គុកទេ គេមិនរត់ទៅណាចោលរូបខ្លួនទេ គឺបន្តរស់នៅជាមួយគ្នារហូត”។
នាងនិយាយទៀតថា ដើមឡើយគិតថាទុកសពកូនដល់ពេលល្ងាច ក្នុងគោលបំណងហៅម្តាយមកកុហកថាកូនបានស្លាប់ដោយជំងឺ ប៉ុន្តែនៅម៉ោង០៨យប់ ថ្ងៃទី២២ ខែ មីនា ឆ្នាំ២០២៤ សពកូនចាប់ផ្តើមមានក្លិនតិចៗ ទើបខ្លួន និងប្តីសម្រេចយកសពទៅកប់ក្នុងដីជាប់និងលូបង្គន់ក្រោយផ្ទះ។ក្រោយមកសមត្ថកិច្ចនគរបាល ចុះនាំខ្លួននិងប្តី មកសាកសួរ។
ស្រ្តីនោះបានសារភាពថា ខ្លួនប្រព្រឹត្តតែម្នាក់ឯងទេដោយសារអាណិត និងស្រឡាញ់ប្តី ម្យ៉ាងទៀតគាត់មានកូនដើមត្រូវចិញ្ចឹម ។ចំណែកខ្លូនពុំមានកូននៅជាមួយទៀតទេ។
ជនសង្ស័យបានសារភាពបន្ថែមថា កន្លងមករូបនាងធ្លាប់ប្រើហិង្សាជាច្រើនលើកទៅលើកុមាររងគ្រោះ តាំងពីគេមានអាយុ០៨ខែ រហូតមកដល់ថ្ងៃស្លាប់ ដោយការប្រើហិង្សានោះគឺ នាងវាយកូនដោយប្រើដៃដោយប្រើរំពាត់ និងវាយដោយដើមដំឡូងមីជាដើម បណ្តាលអោយកូនមានស្នាមដាច់រលាត់ និងស្នាមជាំលើដងខ្លួន។
ទោះបីជាយ៉ាងណាសមត្ថកិច្ចកំពុងបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕