ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តបន្ទាយមានជ័យសន្យាគាំពារសហគមន៍តំបន់អភិរក្សសត្វស្លាបវាលរហាលកេស អាវៀន

ដោយ ៖បន្ទាយ
បន្ទាយមានជ័យ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តបន្ទាយមានជ័យថាសន្យាគាំពារសហគមន៍តំបន់អភិរក្សសត្វស្លាបវាលរហាលកេស អាវៀននាឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅជាង១០គីឡូម៉ែត្រទិសឦសានស្រុកព្រះនេត្រព្រះ ឬជាង១០គីឡូម៉ែត្រដែរទិសពាយ័ព្យក្រុងសិរីសោភ័ណឬទីប្រជុំជនខេត្ត។

លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យនិងលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអោយដឹងក្នុងអំឡុងដឹកនាំក្រុមការងារ ពិនិត្យស្ថានភាពនិងទស្សនកិច្ចតំបន់អេកូទេសចរណ៍ធម្មជាតិនៃសហគមន៍អភិរក្សសត្វស្លាបវាលរហាលកេស អាវៀន ល្ងាចថ្ងៃទី២១ខែមីនាឆ្មាំ២០២៤ ។

ខណ:នោះ មានការទទួលដំណើរដោយលោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ លោកខុង ប៊ុន មេឃុំឈ្នួរមានជ័យ ប្រធានសហគមន៍អភិរក្សនិងក្រុមការងារជាច្រើន ។

នាឳកាសនោះ លោករដ្ឋមន្ត្រីនិងលោកអភិបាលខេត្តបានឡើងលើសើន(ប៉ម) ដែកនិងធ្វើដំណើរលើទំនប់ដើម្បីពិនិត្យស្ថានភាពរបៀបរស់នៅ ពងកូន បរិមាណសត្វស្លាបទឹកដែលរស់នៅទីនោះ។
ប្រធានសហគមន៍បានរាយការណ៍ខ្លីពីស្ថានភាពសត្វស្លាបទឹកនៅខាងព្រៃលិចទឹកអាវៀនថាមានដូចជា៖ ចង្កៀលខ្យង ក្អែកទឹក អង្កត់ខ្មៅ ស្មោញ ត្រយង ទាព្រៃ ទុងប្រផេះ ខ្វែកធំ ទោម ត្លុំ មាន់ទឹក ជាដើម ដែលមានចំនួនសរុបរាប់ម៉ឺនក្បាល។ក្រៅពីនោះមានសត្វកុកយ៉ាងច្រើនសន្ធឹកសន្ធាប់ និងខាងរហាលកេះ(ឬបឹងកណ្តាលវាល) ដូចជាត្រីរ៉ស់ ឆ្តោ ផ្ទក់ ឆ្ពិន អណ្តែង ក្រាញ់ ក្រាយ ព្រលូង សណ្តាយ ឆ្លាំង ស្លាត ស្លូញ ខ្ជឹង…ជាដើម ។

ក្នុងនោះសហគមន៍ក៏ទទួលបានការចូលរួមអភិរក្សាពីសមាជិក ពីពលរដ្ឋ ពីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ។ទទួលបានការឧបត្ថម្ភគាំទ្រ ជ្រោមជ្រែងខ្លះៗពីក្រសួងបរិស្ថាន ស្ថាប័នរដ្ឋ អង្គការដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ សប្បុរសជន ព្រះសង្ឃផងដែរ ។ ពោលគឺវឌ្ឍនភាពនៃការងារអភិរក្សនាំអោយសត្វស្លាបទឹកនិងមច្ឆជាតិ បានកើនបរិមាណជាលំដាប់ ហើយបានចៀសផុតពីការយាយី ចាប់ សម្លាប់ពីជនប្រមាញ់គ្រប់ប្រភេទ ។

សហគមន៍ក៏បានស្តារអូរអាវៀននៃទីប្រសព្វទឹកសិរីសោភ័ណនិងស្ទឹងមង្គលបូរីបានសង់ខ្ចូសសម្រាប់ភ្ញៀវ កាលពីរដូវប្រាំងឆ្នាំមុន។

ប្រធានសហគមន៍បានបន្តថា : ចំពោះមុខ សហគមន៍បាននឹងកំពុងជីកប្រឡាយសម្រាប់ធ្វើជាផ្លូវទឹកនារដូវវស្សានិងលើកតួផ្លូវទាបសម្រាប់ធ្វើដំណើរនារដូវប្រាំងជាដើម ហើយបាននឹងកំពុងសាងសង់ទីស្នាក់ការសហគមន៍មួយកន្លែងសម្រាប់បម្រើការងារដឹកនាំ គ្រប់គ្រងនិងការជម្រុញទាក់ទាញដល់ការចូលរួមការងារអភិរក្សនិងអភិវឌ្ឍន៍សហគមន៍ពីអ្នកពាក់ព័ន្ធ ។

ដូចជាក្នុងឱកាសនោះ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ឧបត្ថម្ភ១លានរៀល លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យជួយស៊ីម៉ងតិ៍១តោន កសាងទីស្នាក់ការសហគមន៍
សន្យាថានឹងពិនិត្យតម្រូវការហើយជួយសហគមន៍តាមលទ្ធភាពជាក់ស្តែងនិងចំពោះមុខ ។

សូមរំលឹកថា តំបន់សហគមន៍អភិរក្សសត្វស្លាបវាលរហាលកែស អាវៀននេះ ចែកជា២ ផ្នែក ៖
ទី១ – ជាតំបន់រហាលកែស ជាទីអភិរក្សមច្ឆជាតិចម្រុះ.។ វាមានទំហំ០៥ហិកតា និងទី២ – ជាផ្ទៃទឹក អូរនិងមានព្រៃលិចទឹកដែលហ្វូងសត្វស្លាបទឹកចម្រុះធ្វើសំបុក ស្នាក់នៅ ឬទុំពងកូនមានទំហំ២៣ហិកតា ។ វាមានរាងក្រវេចក្រវៀន ដែលគេហៅថាអាវៀន ។

សូមបញ្ជាក់ដែរថា នៅវេលាសាយណ្ណកាលនិងក្បាលព្រលប់ដដែលនោះ លោកឌិត ទីណា និងក្រុមការងារត្រូវបានជូនដំណើរបន្តដោយលោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះទៅជួបមន្ត្រីអាជ្ញាធរមូលដ្ឋាននិងប្រជាកសិករ ហើយពិនិត្យស្ថានភាពនិងផលនៃការធ្វើស្រូវប្រាំងចុងក្រោយនិងការដាំ ការប្រមូលផលចែងម៉ែងឬកក់សម្រាប់តម្បាញកន្ទេលក្រហមនៅភូមិស្រោចឃុំព្រះនេត្រព្រះផងដែរ ៕