សន្ដិសុខសង្គម

អភិបាលស្រុកម្នាក់ជួបគ្រោះថ្នាក់ចរាចរបើករថយន្តក្រឡាប់ច្រើនត្រឡប់ រថយន្តខូចខាតយ៉ាងដំណំ

ដោយ ៖ ព្រះអង្គខ្មៅ

បាត់ដំបង៖ លោកអភិបាលស្រុកបវេល និងភរិយាជួបគ្រោះថ្នាក់ចរាចរបើករថយន្តក្រឡាប់ជាច្រើនត្រឡប់រងរបួសស្រាលទាំង ២នាក់ ចំណែករថយន្តខូចខាតយ៉ាងដំណំ។

ប្រភពបានឃើញហេតុការណ៍បានបញ្ជាក់ព័ត៌មានបឋមឲ្យដឹងថា÷ ករណីគ្រោះថ្នាក់ចរាចរបានកើតឡើងនៅអំឡុងវេលាម៉ោងជាង ២រសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ តាមបណ្តោយផ្លូវជាតិលេខ ៥ ឋិតក្នុងភូមិប៉ោយសំរោង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះឡូត សាលី ជាអភិបាលស្រុកបវេល រួមដំណើរជាមួយនឹងភរិយារងរបួសដាច់រលាត់ដៃជើងតិចតួចទាំង ២នាក់។ មុនពេលជួបហេតុ ជនរងគ្រោះបានធ្វើដំណើរពីលិចមកកើត ក្នុងទិសដៅពីទីប្រជុំជនស្រុកបវេល ចូលក្រុងបាត់ដំបង ដើម្បីចូលរួមប្រជុំ ដល់ពាក់កណ្តាលផ្លូវទំនងងុយងក់មួយភាំងក៏បណ្តាលឲ្យរថយន្តរេចង្កូតក្រឡាប់ជាច្រើនត្រឡប់ និងធ្លាក់ចូលស្នាមភ្លោះតែម្តង។

រថយន្តជាមធ្យោបាយក្នុងហេតុការណ៍គ្រោះថ្នាក់ម៉ាកលុច ស៊ីស ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង ២C-៦៩១៨ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ៕