សន្ដិសុខសង្គម

មន្ត្រីអាជ្ញាធរនិងកម្លាំងចម្រុះតស៊ូពន្លត់ភ្លើងព្រៃឆេះភ្នំស្វាយកណ្តាលទីរួមខេត្តបន្ទាយមានជ័យ

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ ដោយសារមូលហេតុពលរដ្ឋបានយកឃ្មុំ ហើយបោះភ្លើងគុបចោលបង្កអោយរាលឆេះស្មៅនិងស្លឹកឈើងាប់ស្ងួតលើភ្នំស្វាយ នាខាងក្រោយសាលាខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្ត្រភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ទើបគណ:បញ្ជាការកងឯកភាពខេត្តត្រូវប្រើមធ្យោបាយសរុបអន្តរាគមន៍ជាបន្ទាន់ដើម្បីពន្លត់។

ទីតាំងនោះក៏ស្ថិតខាងក្រោយកងរាជអាវុធហត្ថខេត្ត សាខាគយនិងរដ្ឋាករខេត្ត តុលាការខេត្តនិងសំណង់ ផ្ទះពលរដ្ឋរាប់រយ នាកណ្តាលទីរួមខេត្តបន្ទាយមានជ័យ ។ខេត្តបានឲ្យមន្ត្រីអាជ្ញាធរនិងកម្លាំងចម្រុះរាប់រយនាក់  រថយន្តពន្លត់អគ្គិភ័យជាង១២គ្រឿងបាញ់ទឹកពន្លត់និងចំណាយពេលជាង៤ម៉ោងទើបភ្លើងរលត់។ប្រតិបត្តិការនោះបានធ្វើនៅល្ងាចដល់យប់ថ្ងៃទី២១ខែមីនាឆ្នាំ២០២៤ ។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានដឹកនាំមន្ត្រីអាជ្ញាធរខេត្ត ក្រុងនិងកម្លាំងចម្រុះទាំង៣ប្រភេទរួមមាន: កម្លាំងនគរបាលនៃស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ក្រុង កម្លាំងយោធភូមិភាគទី៥ ទិសទី១ ខេត្តបន្ទាយមានជ័យ   កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត រាប់រយនាក់និងរថយន្តពន្លត់អគ្គិភ័យ១១គ្រឿង បានចេញប្រតិបត្តិការពន្លត់ភ្លើងឆេះលើភ្នំស្វាយអស់រយៈពេល៤ម៉ោង ទើបភ្លើងរលត់ជាស្ថាពរ ។

ពោលគឺដំណាក់កាលទី១ ពេលល្ងាច បានពន្លត់ភ្លើងឆេះព្រៃនោះរលត់ហើយ ប៉ុន្តែនៅព្រលប់ មានគ្រាប់យុទ្ធភណ្ឌសល់ពីសម័យសង្គ្រាម២គ្រាប់ ដែលទំនងជាងំនឹងកម្តៅភ្លើងបានផ្ទុះ  ហើយវាបានបង្កកួចផ្សែងឆេះភ្លើងឡើងវិញនៅពេលយប់។ ប៉ុន្តែការផ្ទុះនោះពុំបង្កអោយមានការស្លាប់និងរបួសមនុស្សឡើយ ។ដំណាក់កាលទី២ ពេលយប់ កម្លាំងចម្រុះបានប្រើមធ្យោបាយនិងកម្លាំងសរុបពន្លត់១លើកទៀត ។

ភ្លើងឆេះលើភ្នំស្វាយគឺផ្តើមឆេះពីផ្នែកខាងកើតក្រោយសាលាខេត្តរាល ដាលឆេះទៅខាងត្បូង ឆេះផ្នែកខាងលើខ្លាំង.។

សូមរំលឹកថា ក្រោយឧបទ្ទហេតុព្រះសង្ឃ១អង្គបានរងរបួសពេលនិមន្តក្នុងបរិវេណវត្តបរមបូរព្រឹក្សភ្នំស្វាយ លើកំពូលភ្នំស្វាយ នាភូមិ/សង្កាត់អូរអំបិលក្រុងសិរីសោភ័ណកាលពីថ្ងៃទី២០ខែកុម្ភ: ឆ្នាំ២០២៤

កងឯកភាពកម្ចាត់មីនទី១ ខេត្តបន្ទាយមានជ័យហៅកាត់ស៊ីម៉ាក់បានឡើងភ្នំ ធ្វើប្រតិបត្តិការបោសសម្អាតគ្រប់យុទ្ធភណ្ឌមីនចំនួន១០០ប្លាយគ្រាប់ ហើយគេសង្ស័យថា នៅមានគ្រប់មីននិងយុទ្ធភណ្ឌមួយចំនួនទៀត ៕