សន្ដិសុខសង្គម

ឆក់ស្លាប់កម្មករសំណង់ម្នាក់ពេលប្រើដែកសរសៃយោងបាយអកន្ទុយដែកស្រូបចរន្តខ្សែភ្លើងបង្គោលមេ

ដោយ៖ព្រះអង្គខ្មៅ

បាត់ដំបង÷៖ឆក់ស្លាប់កម្មករសំណង់ម្នាក់ ខណ:ប្រើដែកសរសៃយោងកំបោរបាយអខ្វះការប្រុងប្រយ័ត្នកន្ទុយដែកស្រូបចរន្តខ្សែភ្លើងបង្គោលមេ។

ប្រភពពលរដ្ឋនៅទីតាំងកើតហេតុបានបញ្ជាក់ឲ្យដឹងថា៖ ករណីកម្មករឆក់ស្លាប់នេះបានកើតឡើងនៅវេលាម៉ោងជាង ៣ រសៀល ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ នៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះហូយ គុណ អាយុ ៣៣ឆ្នាំ មានទីលំនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ប្រភពខាងលើបន្តថា៖ មុនពេលកើតហេតុ បុរសជនរងគ្រោះបានឡើងលើដំបូលផ្ទះដើម្បីរៀបឥដ្ឋជញ្ជាំង បន្ទាប់មកបានប្រើប្រាស់ដែកសរសៃដើម្បីយោងយកកំបោរបាយអពីកម្មករមួយក្រុមទៀតនៅខាងក្រោម។ ជាអកុសលពេលយោងឡាំងកំបោរឡើងទៅមិនបានប្រយ័ត្ន កន្ទុយដែកដែលលើកកាន់តែខ្ពស់ទៅៗបានខិតទៅកៀកនឹងខ្សែភ្លើងបង្គោលមេរបស់រដ្ឋក៏ស្រាប់តែចរន្តស្រូបឆក់បណ្តាលឲ្យសន្លប់ធំ ត្រូវក្រុមជាង ក៏ដូចជាសមត្ថកិច្ចដឹកបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសលបានស្លាប់នៅពាក់កណ្តាលផ្លូវ៕