កីឡា

ខេត្តកំពង់ចាមបង្កើតមហាព្រឹត្តិការណ៍ជិះកង់មនុស្សធម៌រកមូលនិធិផ្គត់ផ្គង់មន្ទីរពេទ្យគន្ធបុប្ផា

ដោយ៖ គង់ហេង
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានបង្កើតមហាព្រឹត្តិការណ៍ ជិះកង់មនុស្សធម៌គ្រប់ទាំង ១០ ស្រុក ក្រុង របស់ខេត្តមួយនេះ រយៈពេលមួយសប្តាហ៍ គឺដើម្បីរកមូលនិធិផ្គត់ផ្គង់ ដល់មន្ទីរពេទ្យគន្ធបុប្ផា។ នេះបើតាមការថ្លែងឱ្យដឹងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ២១ មីនានេះ។

នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបានធ្វើឡើងនៅក្នុងសាលាខេត្តកំពង់ចាមដែលមានការចូលរួមពីបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត និងគណៈអភិបាលក្រុង ស្រុក លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ យើងចូលរួមបណ្តុះបណ្តាលផ្នត់គំនិតប្រជាពលរដ្ឋ ឱ្យភ្ញាក់រលឹកចូលរួមជាសម្ភារ ថវិកាតិចក្តី ច្រើនក្តីនូវការស្រឡាញ់មន្ទីរពេទ្យគន្ធបុប្ផា ដែលមន្ទីរពេទ្យនេះបានជួយសង្រ្គោះអាយុជីវិតកុមារ ជាកូនចៅយើងទាំងអស់គ្នាច្រើនឆ្នាំហើយ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ទៀតថា៖ ក្នុងនោះសម្រេចកំណត់ថ្ងៃបង្កើតមហាព្រឹត្តិការណ៍ជិះកង់មនុស្សធម៌ រកមូលនិធិផ្គត់ផ្គង់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផានេះ ចាប់ថ្ងៃទី ១ ដល់ ៧ មេសា ខាងមុខនេះ ដោយមានអ្នកស្ម័គ្រចិត្តចូលរួមជិះកង់ចំនួន ៤០០ នាក់ ឆ្ពោះទៅកាន់គ្រប់ទាំង ១០ ស្រុក ក្រុងតែម្តង៕